ធនាគារពិភពលោក៖ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅតែបន្តមានសេដ្ឋកិច្ចលូតលាស់លឿនជាងតំបន់ដទៃទៀតលើពិភពលោកក្នុងឆ្នាំ២០២៤

សង្គម​ និង​សេដ្ឋកិច្ច

របាយការណ៍ប្រចាំឆមាសរបស់ធនាគារពិភពលោកបានលើកឡើងនៅថ្ងៃ៨ខែតុលាថានេះថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (EAP) នៅតែបន្តមានសេដ្ឋកិច្ចលូតលាស់លឿនជាងតំបន់ដទៃទៀតលើពិភពលោកក្នុងឆ្នាំ២០២៤ ប៉ុន្តែនៅក្នុងសន្ទុះមួយយឺតជាងកាលមិនទាន់មានការផ្ទុះជំងឺរាតត្បាតសកល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍នេះ បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ធនាគារពិភពលោកបានព្យាករថា ក្នុងឆ្នាំ២០២៤ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិកមានកំណើនសេដ្ឋកិច្ចក្នុងអត្រា៤,៨ភាគរយ ប៉ុន្តែអត្រានេះនឹងធ្លាក់មកនៅ ៤,៤ភាគរយ វិញ ក្នុងឆ្នាំ២០២៥។ កំណើននៅប្រទេសចិន ដែលជាសេដ្ឋកិច្ចធំជាងគេក្នុងតំបន់ ត្រូវបានព្យាករថានឹងធ្លាក់ចុះពី ៤,៨ភាគរយ ក្នុងឆ្នាំនេះ មកនៅ ៤,៣ភាគរយ ឆ្នាំក្រោយ ខណៈដែលទីផ្សារអចលនទ្រព្យនៅតែមានភាពទន់ខ្សោយរ៉ាំរ៉ៃ, តម្រូវការអ្នកប្រើប្រាស់ និងវិនិយោគិនខ្វះទំនុកចិត្តអមដោយបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធមួយចំនួនទៀតដូចជា ភាពចាស់ជរានិងភាពតានតឹងលើពិភពលោក។

កំណើនសេដ្ឋកិច្ចនៅផ្នែកផ្សេងទៀតក្នុងតំបន់នេះ ត្រូវបានព្យាករថានឹងកើនឡើងពី ៤,៧ភាគរយ ក្នុងឆ្នាំនេះ ដល់ ៤,៩ភាគរយ នៅឆ្នាំក្រោយ ដោយសារអត្ថប្រយោជន៍ពីការកើនឡើងនៃការប្រើប្រាស់ក្នុងស្រុក, ការងើបឡើងវិញនៃការនាំចេញទំនិញ និងការស្ទុះងើបនៃវិស័យទេសចរណ៍។ នៅក្នុងចំណោមប្រទេសធំៗមានតែឥណ្ឌូនេស៊ីទេដែលគេរំពឹងថាសេដ្ឋកិច្ចនៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ នឹងមានកំណើនត្រឹម ឬលើសពីកម្រិតមុនពេលមានជំងឺរាតត្បាតសកល។ ផ្ទុយទៅវិញ នៅប្រទេសម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម គេរំពឹងថាសេដ្ឋកិច្ចនឹងមានកំណើនក្នុងកម្រិតទាបជាងនៅឥណ្ឌូនេស៊ី។ រីឯនៅតាមប្រទេសកោះប៉ាស៊ីហ្វ៊ិក សេដ្ឋកិច្ចត្រូវបានព្យាករថានឹងកើនបាន៣,៥ភាគរយ ក្នុងឆ្នាំ២០២៤និង ៣,៤ភាគរយក្នុងឆ្នាំ២០២៥ដោយសារវិស័យទេសចរណ៍ស្ទុះងើបឡើងវិញ។ កំណើននៃការវិនិយោគនៅតែមានភាពទន់ខ្សោយនៅទូទាំងតំបន់។

លោកស្រី ម៉ានូអែឡា វ. ហ្វេរ៉ូ (Manuela V. Ferro) អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា “បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅតែបន្តដើរតួជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចពិភពលោក។ យ៉ាងណាក៏ដោយ កំណើនកំពុងថមថយល្បឿន។ ដូច្នេះ ដើម្បីរក្សាបាននូវកំណើនរឹងមាំក្នុងរយៈពេលមធ្យម បណ្តាប្រទេសក្នុងតំបន់នេះ ត្រូវអន្តរសកម្មក្នុងការធ្វើទំនើបកម្ម និងកំណែទម្រង់សេដ្ឋកិច្ចរៀងៗខ្លួន ដើម្បីត្រាយផ្លូវសម្រាប់ដំណើរសេដ្ឋកិច្ចទៅមុខ ក្នុងកាលៈទេសៈដែលមានការប្រែប្រួលបែបផែនពាណិជ្ជកម្ម និងការផ្លាស់ប្តូរបច្ចេកវិទ្យា”។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចនេះ បានគូសរំលេចកត្តាបីយ៉ាង ដែលទំនងជាជះឥទ្ធិពលទៅលើកំណើនសេដ្ឋកិច្ចក្នុងតំបន់៖ ១) ការផ្លាស់ប្តូរលំនាំពាណិជ្ជកម្ម និងការវិនិយោគ, ២) កំណើនយឺតនៅក្នុងប្រទេសចិន, និង ៣) ការកើនឡើងនៃភាពមិនច្បាស់លាស់នៃគោលនយោបាយសកល។

ទីមួយ ភាពតានតឹងពាណិជ្ជកម្មនាពេលថ្មីៗរវាងសហរដ្ឋអាមេរិក និងចិន បានបង្កឱកាសសម្រាប់ប្រទេសដូចជាវៀតណាម ឱ្យខិតខំពង្រឹងតួនាទីរបស់ខ្លួននៅក្នុងខ្សែច្រវាក់តម្លៃសកល ក្នុងការ “តភ្ជាប់” ដៃគូពាណិជ្ជកម្មសំខាន់ៗ។ ការលក់របស់ក្រុមហ៊ុនវៀតណាមដែលនាំចេញទៅសហរដ្ឋអាមេរិក បានកើនទំហំជិត ២៥ភាគរយ លឿនជាងក្រុមហ៊ុនដែលនាំចេញទៅកាន់គោលដៅផ្សេងទៀត ក្នុងចន្លោះពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។ យ៉ាងណាក៏ដោយ ភស្តុតាងថ្មីៗបង្ហាញថា សេដ្ឋកិច្ចតាមបណ្តាប្រទេសប្រហែលជាអាចបានត្រឹមតែដើរតួជា “ឧបករណ៍តភ្ជាប់ឯកទិស” ប៉ុណ្ណោះ ដោយសារតែមានការរឹតត្បិតជាងមុននៅក្នុងវិធានថ្មីៗស្តីពីប្រភពដើមទំនិញ លើការនាំចូល និងការនាំចេញ។

ទីពីរ ប្រទេសជិតខាងនៃប្រទេសចិន បានទទួលអត្ថប្រយោជន៍ពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ចិន ក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែទំហំនៃអត្ថប្រយោជន៍ដែលជាកម្លាំងរុញច្រានសេដ្ឋកិច្ចនោះ ពេលនេះ កំពុងរួមតូចជាងមុនហើយ។ ប្រទេសចិនបានសណ្តោងអូសប្រទេសផ្សេងទៀតតាមរយៈតម្រូវការនាំចូលរបស់ខ្លួន ប៉ុន្តែឥឡូវនេះ សេដ្ឋកិច្ចរបស់ចិនលូតលាស់យឺតជាង ផ.ស.ស នៃប្រទេសទាំងនោះទៅទៀត។ ការនាំចូលបានកើនឡើងត្រឹមតែ ២,៨ភាគរយ ប៉ុណ្ណោះក្នុងរយៈពេល ៧ខែដំបូង នៃឆ្នាំនេះ ធៀបទៅនឹងជិត ៦ភាគរយ ក្នុងមួយឆ្នាំក្នុងទសវត្សរ៍មុន។

ទីបី ភាពមិនប្រាកដប្រជាសកលលោក អាចជះឥទ្ធិពលអវិជ្ជមានលើសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក។ ក្រៅពីភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ ភាពមិនច្បាស់លាស់កាន់តែខ្លាំងនៃគោលនយោបាយសេដ្ឋកិច្ច អាចកាត់បន្ថយផលិតកម្មឧស្សាហកម្ម និងតម្លៃភាគហ៊ុនក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក រហូតដល់ ០,៥ភាគរយ និង ១ភាគរយ រៀងៗខ្លួន។

របាយការណ៍នេះមានជំពូកផ្តោតពិសេសមួយដែលពិនិត្យមើលថាតើប្រទេសក្នុងតំបន់ អាចធ្វើដូចម្តេចខ្លះដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ សម្រាប់បង្កើតការងារសម្រាប់ប្រជាជនរបស់ខ្លួន។ មនុស្សយន្តឧស្សាហកម្ម, បញ្ញាសិប្បនិម្មិត និងថ្នាលឌីជីថល កំពុងជះឥទ្ធិពលទៅលើទីផ្សារពលកម្មក្នុងតំបន់។ ចន្លោះឆ្នាំ២០១៨ និង ឆ្នាំ២០២២ ការប្រើប្រាស់មនុស្សយន្ត បានជួយបង្កើតការងារបានប្រមាណ ២លានកន្លែង (៤,៣%) សម្រាប់ពលករក្នុងប្រព័ន្ធដែលមានជំនាញ ដោយសារវាមានផលិតភាពខ្ពស់ និងទំហំផលិតកម្មកើនឡើង ព្រមទាំងដោយសារមានតម្រូវការជំនាញបំពេញបន្ថែមផងដែរ។ ប៉ុន្តែ មនុស្សយន្តក៏បានធ្វើឱ្យមនុស្សប្រមាណ ១,៤លាននាក់ (៣,៣%) នៃពលករក្នុងប្រព័ន្ធដែលមានជំនាញទាបនៅក្នុងប្រទេសអាស៊ានចំនួនប្រាំ បាត់បង់ការងារផងដែរ។

ដោយសារភាគច្រើនលើសលប់នៃការងារនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ជាការងារប្រើកម្លាំងផ្ទាល់, មានតែមួយភាគតូចប៉ុណ្ណោះនៃការងារក្នុងតំបន់ដែលរងការគំរាមកំហែងរបស់បញ្ញាសិប្បនិម្មិត បើធៀបទៅនឹងប្រទេសមានសេដ្ឋកិច្ចជឿនលឿន។ ប៉ុន្តែ តំបន់នេះក៏មិនទាន់ត្រៀមខ្លួនបានល្អដែរ សម្រាប់ទាញយកអត្ថប្រយោជន៍ផ្នែកផលិតភាពរបស់បញ្ញាសិប្បនិម្មិត ព្រោះមានការងារតែ ១០ភាគរយ ប៉ុណ្ណោះដែលពាក់ព័ន្ធនឹងការងារបំពេញបន្ថែមដល់បញ្ញាសិប្បនិម្មិត ធៀបទៅនឹងប្រហែល ៣០ភាគរយ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។

លោក អាឌិត្យា ម៉ាទូ (Aaditya Mattoo) ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “ពេលនេះ បែបផែនអភិវឌ្ឍន៍របស់តំបន់អាស៊ីបូព៌ា ដែលពឹងផ្អែកលើទីផ្សារពិភពលោកបើកចំហ និងផលិតកម្មប្រើប្រពលកម្ម កំពុងប្រឈមហានិភ័យបង្កដោយភាពតានតឹងពាណិជ្ជកម្ម និងបច្ចេកវិទ្យាថ្មីៗ។ ការឆ្លើយតបដ៏ប្រសើរបំផុត គឺធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ និងបំពាក់ឱ្យប្រជាជននូវជំនាញ និងលទ្ធភាពចល័តទី ដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ”៕