កម្ពុជាបានកំពុងចាប់យកទីផ្សារប្រទេសដែលនាំចូលស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក-សហរដ្ឋអាមេរិក ក្រោមបេសកម្មចំនួន២សំខាន់ៗរបស់សហព័ន្ធស្វាយចន្ទីកម្ពុជា។
សហព័ន្ធស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី១១-១៤ ខែកញ្ញា ឆ្នាំ២០២៤ សហព័ន្ធស្វាយចន្ទីកម្ពុជា បានអញ្ជើញក្រុមហ៊ុនទិញផលិតផលស្វាយចន្ទីធំៗរបស់អាមេរិកចំនួន៣ ឱ្យមកទស្សនកិច្ចផ្ទាល់ពីសក្តានុពលស្វាយចន្ទីកម្ពុជា រួមមាន៖ ការដាំដុះ និងការកែច្នៃគ្រាប់ចន្ទីពូជអឹម២៣របស់ខ្មែរ ព្រមទាំងឆ្លៀតចុះធ្វើសវនកម្មរោងចក្រកែច្នៃចន្ទីចំនួន៥ មុននឹងអាចនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារសក្តានុពល ផ្សេងៗ។
សកម្មភាពនេះ បានកើតឡើងបន្ទាប់ពីសហព័ន្ធបានចំណាយពេលអស់ពេលមួយឆ្នាំជាមួយក្រុមការងារគម្រោង CAMBODIA HARVEST III USAID ដែលបានគាំទ្រក្រុមហ៊ុនកែច្នៃស្វាយចំនួន៤ ទៅចូលរួមការតាំងពិពណ៌ចំនួន២ នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០២៣កន្លងមក។
លើសពីនេះ កាលពីថ្ងៃទី១៨-២០ ខែកញ្ញា ឆ្នាំ២០២៤ សហព័ន្ធស្វាយចន្ទីកម្ពុជាក៏បានសម្របសម្រួលក្រុមហ៊ុនចំនួនពីរជាសមាជិករបស់សហព័ន្ធស្វាយចន្ទីកម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការនាំចេញផលិតផលរបស់ខ្លួនចេញទៅទីផ្សារអាមរិក បានចូលរួមការតាំងពិពណ៌នៅអាមេរិកម្តងទៀត ដើម្បីចូលរួមព្រឹត្តិការផ្គូរផ្គងធុរកិច្ចនៅទីក្រុងឡុងប៊ិច រដ្នកាលីហ្វ័រញ៉ា នៃសហរដ្នអាមេរិក ក្នុងការបង្កើនសេចក្តីទុកចិត្តមកលើក្រុមហ៊ុនខ្មែរ ដែលមានសមត្ថភាពពេញលេញក្នុងការឈានជើងចូលទីផ្សារយក្សមួយនេះ។
សហព័ន្ធស្វាយចន្ទី បានបញ្ជាក់ថា ជាលទ្ធផល ក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិរួចរាល់នឹងអាចនាំចេញរួមគ្នាទៅកាន់ទីផ្សារអាមេរិកនៅពេលខាងមុខដ៏ខ្លី ក្រោមការសម្របសម្រួលរបស់សហព័ន្ធស្វាយចន្ទីកម្ពុជា។
បន្ថែមពីនេះ ក្រុមហ៊ុនអ្នកទិញផ្សេងៗ កំពុងបន្តពិភាក្សាជាមួយសហគ្រាសកែច្នៃស្វាយចន្ទីរបស់ខ្មែរ ដើម្បីធ្វើការចចារក្នុងរិៈរកវិធីដើម្បីនាំចេញស្វាយចន្ទីមានគុណភាពល្អរបស់ខ្មែរទៅទីផ្សារពិភពលោក ប្រកបដោយជោគជ័យ និងនិរន្តភាព។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង១ហិកតា។នៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់ស្វាយចន្ទីឆៅបានជាង៨៣ម៉ឺនតោន កើនឡើង ៣៦,៧ភាគរយ ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក។
ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧»ផងដែរ ក្នុងទស្សនវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងជាអធិរាជស្វាយចន្ទី នាពេលអនាគត៕