ក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ បរិមាណកុងតឺនឺរដែលឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួន៥២ ២៨៣ TEUs កើនឡើង ៤៥,១១% ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣។នេះបើតាមរបាយការណ៍កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ។
របាយការណ៍ខាងលើបានបន្តថា បើគិតក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ មានចំនួន ១៦១ ៣៧៣ TEUs កើនចំនួន ២៦,១៣% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣។ដោយឡែក បើគិតក្នុងខែកញ្ញា មានចំនួន៥២ ២៨៣ TEUs ពោលមានការកើនឡើង ៤៥,១១% បើធៀបនឹងខែកញ្ញា ឆ្នាំ២០២៣។
ជាមួយគ្នានេះ ផ្អែកតាមស្ថានភាពកន្លងមក និងការព្យាករទៅមុខទៀត កំពង់ផែស្វយ័តភ្នំពេញរំពឹងថាបរិមាណកុងតឺនឺរនឹងមានការកើនឡើង ស្របពេលកំពង់ផែក៏មានផែនការពង្រីកចំណតផែនៅជំហានបន្តបន្ទាប់ ដើម្បីឆ្លើយតបឱ្យបានសមស្រប ដល់អតិថិជន។
គួរបញ្ជាក់ថា ៨ខែ ដើមឆ្នាំ២០២៤ បរិមាណកុងតឺន័រដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួន ៣១៣ ៧០៤ TEUs កើនចំនួន ១៦,៦១% ធៀបនឹងរយៈពេល ៨ ខែ ដើមឆ្នាំ២០២៣។ បរិមាណទំនិញ-ប្រេងឥន្ធនៈដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានជាង៣លាន ១៥ម៉ឺនតោន កើនឡើង១២,២៤% ចំណែកបរិមាណនាវាមាន ៣៨០គ្រឿ និងអ្នកដំណើរមានជាង២ម៉ឺននាក់។
សូមបញ្ជាក់ផងដែរថា កំពង់ផែស្វយ័តភ្នំពេញត្រូវបានព្យាករថា គិតត្រឹមឆ្នាំ២០៣០ បរិមាណអ្នកដំណើរមានប្រមាណ ៥៥០ពាន់នាក់ ក្នុងមួយឆ្នាំ ចំណែកឯទំនិញមានប្រហែល ១០លានតោន ក្នុងមួយឆ្នាំ (ក្នុងនោះ ៨១% ជាទំនិញពាណិជ្ជកម្មអន្តរជាតិ) ដែលដឹកជញ្ជូនតាមផ្លូវទឹកទន្លេ ក្នុងនោះកំពង់ផែស្វយ័តភ្នំពេញនៅតែជាកំពង់ផែចម្បង ដែលមានទំនិញឆ្លងកាត់ ៨លានតោន ក្នុងមួយឆ្នាំ។(នេះបើតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣)៕