ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារនិងអភិបាលកិច្ចនៃវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជន បានជួបពិភាក្សាគ្នានាពាក់កណ្តាលសប្តាហ៍នេះនៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរ ក៏ដូចជាដើម្បីដាក់ចេញវិធានការដោះស្រាយសមស្របជូនវិស័យឯកជននៅក្នុងប្រទេសកម្ពុជា ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងរ៉ែនិងថាមពលនិងមន្ត្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត សមាជិក សមាជិកានៃក្រុមកាងារ ទាំងផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន តំណាងក្រុមហ៊ុន សមាគមធុរកិច្ចជាតិ និងអន្តរជាតិ ដោយចូលរួមកិច្ចប្រជុំផ្ទាល់ ក៏ដូចជាកិច្ចប្រជុំពីចម្ងាយ (ZOOM) ។
កិច្ចប្រជុំ បានពិភាក្សាលើរបៀបវារៈចំនួន ៣ ទី១. ការស្នើសុំកិច្ចអន្តរាគមន៍បន្ទាន់ពីរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនៅកម្ពុជា, ទី២. ពន្ធលើការនាំចេញនៃការប្រមូលរ៉ែទង់ដែង, និងទី៣. អត្រាការប្រាក់ចំពោះការកំណត់ពន្ធឡើងវិញ ។
ឆ្លើយតបនឹងសំណូមពររបស់ផ្នែកឯកជន ចំពោះការដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនៅកម្ពុជាឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយលើកស្ទួយសេដ្ឋកិច្ចជាកញ្ចប់ ដូចជា វិធានការសារពើពន្ធ, ការគាំពារសង្គមដើម្បីរក្សាលំនឹងជីវភាពប្រជាជន, ការបណ្ដុះបណ្ដាលជំនាញ, ការគ្រប់គ្រងបំណុលឯកជន និង ការកែទម្រង់រចនាសម្ព័ន្ធជាដើម ។
ជាមួយនេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យលើសំណូមពររបស់វិស័យឯកជនបន្ថែមទៀតចំពោះវិធានការឬកិច្ចអន្តរាគមន៍នានាដើម្បីលើកស្ទួយសេដ្ឋកិច្ចរួមជាមួយនឹងការធានាប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទាននិងត្រូវរក្សាឧត្តមានុវត្តន៍ល្អក្នុងការគ្រប់គ្រងបំណុលសាធារណៈនៅកម្ពុជា ។
ចំពោះបញ្ហាពន្ធនាំចេញលើការប្រមូលរ៉ែទង់ដែង, បន្ទាប់ពីកិច្ចពិភាក្សា, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យមានការសិក្សាឱ្យបានស៊ីជម្រៅ ទាំងក្នុងកម្រិតគោលនយោបាយ ផែនការ និងទាំងបច្ចេកទេស លើគ្រប់ទិដ្ឋភាពពាក់ព័ន្ធនឹងការប្រមូលរ៉ែទង់ដែង មុននឹងដាក់ចេញនូវវិធានការជាក់លាក់និងច្បាស់លាស់សម្រាប់អនុវត្ត ៕






