បន្ទាប់ពីមានព្យុះភ្លៀងយ៉ាងខ្លាំង៥ថ្ងៃជាប់ៗគ្នាមកនេះ ស្ថានភាពទឹកទន្លេបានឡើងនីវ៉ូខ្ពស់ រហូតដល់២៣៤ មម បានបណ្តាលឱ្យទឹកជន់លិចនៅតំបន់មួយចំនួននៅភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ។
ជាមួយនឹងស្ថានភាពជន់លិចនេះ មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅលើបណ្ដាញសង្គម នារសៀលថ្ងៃទី៩ ខែតុលានេះ បានចេញមកជូនដំណឹងថា ចាប់ពីថ្ងៃទី១០ ខែតុលាតទៅ នឹងដាក់ឱ្យដំណើរការម៉ូទ័រខ្នាតធំថ្មីបន្ថែមចំនួន ២គ្រឿង ដែលមានអង្កត់ផ្ចិតទំហំ ១ម នៅស្ថានីយ៍បូមទឹកស្វាយប៉ាក ដោយសង្ឃឹមថា នឹងកាត់បន្ថយការលិចលង់នៅតំបន់ខាងជើងរាជធានីភ្នំពេញ។
ជាមួយនឹងការខិតខំប្រឹងប្រែង មន្ទីសាធារណការរាជធានីភ្នំពេញ គូសបញ្ជាក់បន្ថែមទៀតថា គិតត្រឹមថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៤នេះ ការសាងសង់ស្ថានីយ៍បូមទឹកថ្មីស្វាយប៉ាក សម្រេចបាន ៩៦% និងសាងសង់ស្ថានីយ៍បូមទឹកបន្ថែម សម្រេចបាន ២៥% ដែលគម្រោងទាំង២នេះ នឹងមានសមត្ថភាពបូមទឹកបន្ថែមសរុប នឹងកើនដល់ ៣៥ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងកាត់បន្ថយទឹកលិចនៅតំបន់ភូមិសាស្ត្រខាងជើងរាជធានីភ្នំពេញ៕