ធនាគារជាតិនៃកម្ពុជា (NBC) បានលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស ម្ចាស់អាជីវកម្ម គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ វិស័យឯកជននិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។
ក្នុងសិក្ខាសាលាស្តីពីការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន មានសារៈសំខាន់ណាស់ក្នុងការពង្រឹងប្រសិទ្ធភាព ការអនុវត្តនយោបាយម៉ាក្រូសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការរក្សាអត្រាអតិផរណាឱ្យស្ថិតនៅកម្រិតទាប គ្រប់គ្រងបានកម្រិតអត្រាការប្រាក់ កាត់បន្ថយចំណាយប្រតិបត្តិការ ជំរុញការនាំចេញ ជំរុញការវិនិយោគនិងការប្រើប្រាស់ បង្កើនទុនបម្រុងអន្តរជាតិ បង្កើនសុខុមាលភាពសង្គម ទទួលចំណូលពីការបោះពុម្ពក្រដាសប្រាក់ ព្រមទាំងពង្រឹងអត្តសញ្ញាណជាតិ និងអធិបតេយ្យជាតិ។
លោក យឹម លាត បានថ្លែងបន្តថា ថ្មីៗនេះ តាមរយៈរបាយការណ៍វាយតម្លៃស្ថានភាពសេដកិច្ច មូលនិធិរូបិយវត្ថុអន្តរជាតិបានទទួលស្គាល់ថា ការបង្កើនការប្រើប្រាស់ប្រាក់រៀលនឹងជួយបង្កើនភាពធនរបស់សេដ្ឋកិច្ច ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដែលអាចកើតឡើងជាយថាហេតុ។
លោកទេសាភិបាលរង បានលើកទឹកចិត្តឱ្យក្រុមហ៊ុន-សហគ្រាស ម្ចាស់អាជីវកម្ម គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ វិស័យឯកជននិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការប្រើប្រាស់ឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង និងសេដ្ឋកិច្ចជាតិ ជាពិសេស ការបើកប្រាក់បៀរវត្សរ៍ជាប្រាក់រៀលជូនបុគ្គលិក ការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួនកាន់តែច្រើនឡើងតាមរយៈការជំរុញការបិទស្លាកតម្លៃជារៀល និងការទូទាត់ជាប្រាក់រៀល ការកំណត់អត្រាប្តូរដែលអនុគ្រោះដល់អ្នកប្រើប្រាស់ប្រាក់រៀល ការផ្តល់ឥណទាននិងការសន្សំជាប្រាក់រៀលក្នុងលក្ខខណ្ឌប្រសើរជាងប្រាក់ដុល្លារអាមេរិក ។ល។
យោងតាមរបាយការណ៍របសធនាគារជាតិនៃកម្ពុជា ការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើងយ៉ាងឆាប់រហ័ស ដែលក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ មានកំណើន ១,៨ដង ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន និង ២,៨ដង ធៀបនឹងឆមាសទី១ ឆ្នាំ២០២២៕