សម្តេចធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Christopher Luxon នាយករដ្ឋមន្ត្រីនូវ៉ែលសេឡង់ បានបង្ហាញឆន្ទៈក្នុងការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។

ការប្តេជ្ញានេះ បានធ្វើឡើងកាលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នាឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរបានបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសក្តានុពលមួយចំនួន រួមមាន៖ វិស័យអប់រំ កសិកម្ម ថាមពល ពាណិជ្ជកម្ម ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ។ ប្រមុខរដ្ឋាភិបាលទាំងពីរបានបង្ហាញពីឆន្ទៈ ក្នុងការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេស លើវិស័យកសិកម្ម។
ចំពោះវិស័យថាមពលវិញ ថ្នាក់ដឹកនាំទាំងពីរ ក៏បានគូសបញ្ជាក់អំពីភាពប្រហាក់ប្រហែលគ្នា និងឈានមុខគេលើការប្រើប្រាស់ថាមពលស្អាត ដោយប្រទេសទាំងពីរបានប្ដេជ្ញាបន្តបង្កើនការប្រើប្រាស់ថាមពលស្អាតឱ្យកាន់តែច្រើនថែមទៀតនាថ្ងៃអនាគត។ ដោយឡែក ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានបង្ហាញនូវប្ដេជ្ញាចិត្តដើម្បីជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់ផងដែរ។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើនេះដែរ ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏បានឯកភាពគ្នា ថានឹងពិនិត្យលទ្ធភាពបង្កើតជាផ្លូវការនូវយន្តការពិគ្រោះយោបល់ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ។ លើសពីនេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនទានគ្នាអំពីកិច្ចការតំបន់ និងអន្តរជាតិ ដោយផ្ដោតលើការថែរក្សាសុខសន្ដិភាព និងស្ថេរភាព ដែលជាកត្តាកំណត់នៃការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកថែមទៀត៕


