ដោយសារភាពប្រសើរឡើងវិញនៃតម្រូវការសកលនិងទំនាក់ទំនងពាណិជ្ជកម្មពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចជាវិជ្ជមានសម្រាប់ប្រទេសវៀតណាមត្រូវប៉ាន់ប្រមាណថានឹងសម្រេចបាន ៦% ក្នុងឆ្នាំ ២០២៤ និងកើន ៦.២% ក្នុងឆ្នាំ២០២៥ ។ ជាមួយនឹងការព្យាករណ៍កំណើនបែបនេះ វៀតណាមនឹងក្លាយជាខឿនសេដ្ឋកិច្ច ដែលមានកំណើនខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ ។ យោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃទី ២៥ ខែកញ្ញា ។
ប្រទេសវៀតណាម កំពុងស្គាល់កំណើនយ៉ាងខ្លាំងពីវិស័យធំៗរួមមាន ពាណិជ្ជកម្ម ការលក់រាយ និងប្រាក់ចំណូលសេវាកម្ម ព្រមទាំងសកម្មភាពផលិតកម្ម អាជីវកម្ម និងការវិនិយោគ។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបញ្ជាក់ថា ការវិនិយោគផ្ទាល់ពីបរទេស គឺមានការកើនឡើងខ្ពស់ក្នុងឆ្នាំនេះ និងបង្ហាញពីភាពរស់រវើកសម្រាប់ទំនុកចិត្តរបស់អ្នកវិនិយោគបរទេសនៅក្នុងទីផ្សារវៀតណាមដោយមើលឃើញថា វាជាគោលដៅសុវត្ថិភាព និងទាក់ទាញ ទោះបីប្រទេសនេះទើបនឹងរងគ្រោះធម្មជាតិដោយសារ ព្យុះទីហ្វុងយ៉ាហ្គី បណ្តាលឱ្យមានទឹកជំនន់រីករាលដាល២៦ខេត្តនៅតំបន់ភាគខាងជើង។
ជាមួយភាពសម្បូរបែបនៃប្រជាជនវ័យក្មេង វៀតណាម មានឱកាសនាំមុខប្រទេសអាស៊ានភាគច្រើនដែលមានសេដ្ឋកិច្ចខ្លាំងដូចជាសិង្ហបុរី ថៃ ឬម៉ាឡេស៊ី។ ទន្ទឹមនេះវៀតណាម ដាក់គោលដៅសម្រេចឲ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ។
ថ្លែងនៅក្នុងសន្និសីទការសែតលោក Shantanu Chakraborty ជានាយក ADB ប្រចាំប្រទេសវៀតណាម លើកឡើងថា៖ “សេដ្ឋកិច្ចរបស់វៀតណាមបានងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ។ កំណើននេះនឹងនៅតែបន្តរក្សាសន្ទុះ ទោះបីជាមានអស្ថិរភាពនៅលើពិភពលោកក៏ដោយ។ ការស្ទុះងើបឡើងវិញសម្រេចបានដោយសារការធ្វើឱ្យប្រសើរឡើងនៃផលិតកម្មឧស្សាហកម្ម និងការកើនឡើងយ៉ាងខ្លាំងនៃពាណិជ្ជកម្ម»។ ចំពោះវិស័យឧស្សាហកម្មនៅតែបន្តជាកត្តាជំរុញដ៏សំខាន់នៃកំណើន ដោយសារតម្រូវការគ្រឿងអេឡិច ត្រូនិកនាំចេញសំខាន់ៗបានរួមចំណែកក្នុងការបង្កើនផលិតកម្ម លើវិស័យសេវាកម្ម និងកសិកម្ម” ៕
អត្ថបទដើម៖ Link
រូបភាព៖ en.vneconomy.vn/