ប្រទេសកាណាដា គ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូត នៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។ការប្រកាសបែបនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Justin Trudeau នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា នាទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ តុលា ២០២៤។
នាឱកាសនោះ នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា លោក Justin Trudeau បានឱ្យដឹងថា ក្នុងការពង្រឹងទំនាក់ទំនងលើវិស័យការទូត ដោយកាណាដាគ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូត នៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខ។
ជាមួយគ្នានេះ លោកថា ចំពោះទំនាក់ទំនងលើវិស័យពាណិជ្ជកម្មវិញ លោកថា កាណាដានឹងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធកម្ពុជា អំពីការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ដោយប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនទៀត។
ជុំវិញរឿងនេះ សម្ដេចធិបតី បានចាត់ទុក កាណាដាជាដៃគូពាណិជ្ជកម្មទ្វេភាគីលំដាប់ទី៧ របស់កម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជាការបង្កើតការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា ខណៈសម្តេចធិបតី ក៏បានបញ្ជាក់ពីគម្រោងបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅកាណាដានាពេលខាងមុខផងដែរ។
គូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីកែទម្រង់ស៊ីជម្រៅជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់វិស័យឯកជន ជាមួយនឹងការកែលម្អបរិយាកាសវិនិយោគឱ្យកាន់តែល្អប្រសើរ និងមានលក្ខណៈអំណោយផល ព្រមទាំងបានដាក់ចេញនូវវិធានការលើកទឹកចិត្តនានា សំដៅជួយវិស័យឯកជនឱ្យកាន់តែរីកចម្រើនថែមទៀត។យ៉ាងណាមិញ តាមរយៈ ការប្រកាសបើកស្ថានឯកអគ្គរាជទូតកាណាដានៅរាជធានីភ្នំពេញ នាពេលឆាប់ៗនេះ ត្រូវបានរដ្ឋាភិបាលរំពឹងថា នឹងជួយជំរុញទំនាក់ទំនង និងការវិនិយោគទ្វេភាគីកាន់តែប្រសើរមួយកម្រិតទៀតផងដែរ៕ អត្ថបទ៖ រង្សី