លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា គិតមកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងជាង ៣០០លានដុល្លារ និងហិរញ្ញប្បទានសម្បទានជិត ២០០លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា។
លោករដ្ឋមន្រ្តីបានឱ្យដឹងបែបនេះ នៅក្នុងពិធីសម្ពោធបរិក្ខារប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចថ្មី នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
ថ្លែងក្នុងពិធីនោះ លោក ហែម វណ្ណឌី បានលើកឡើងថា បរិក្ខារប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចថ្មីមួយត្រូវបានសម្ពោធដាក់ឱ្យដំណើរការក្នុងខេត្តមណ្ឌលគិរីនេះ បង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋារករទឹកមណ្ឌលគិរីចំនួន៥០% បន្ថែមទៀត ក្រោមជំនួយឥតសំណងនៃគម្រោង KUSANONE របស់ជប៉ុន មានតម្លៃ១៥៦.១៥០ ដុល្លារ។ បរិក្ខារថ្មីដែលមានសមត្ថភាពផលិតទឹកស្អាត ១.000 ម៉ែត្រគូបក្នុងមួយថ្ងៃនេះ នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតក្នុងក្រុងសែនមនោរម្យពី ២.000 ម៉ែត្រគូប ទៅ 3.000 ម៉ែត្រគូបក្នុងមួយថ្ងៃ។
នាឱកាសនោះ លោក ហែម វណ្ណឌី បានគូសបញ្ជាក់ថា “មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងជាង ៣០០លានដុល្លារ និងហិរញ្ញប្បទានសម្បទានជិត ២០០លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ដែលរួមមានទាំងជំនួយបច្ចេកទេសសម្រាប់ពង្រឹងសមត្ថភាពទាំងរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹកស្អាតឯកជន។”
លោកបានបន្ថែមថា “ជំនួយ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃទាំងនេះបានរួមចំណែកធ្វើឱ្យកម្ពុជាមានលទ្ធភាពពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជននៅតាមបណ្តារាជធានី-ខេត្ត ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការទឹកស្អាតរបស់ប្រជាជន ក៏ដូចជាតម្រូវការក្នុងផ្នែកផលិតកម្ម, អាជីវកម្ម និងសេវាកម្ម។”
លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក៏បានបង្ហាញការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជប៉ុនចំពោះការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ លោកបានលើកឡើងថា៖ “យើងទទួលស្គាល់ភាពចាំបាច់នៃការបន្តអភិវឌ្ឍវិស័យទឹកស្អាតទីប្រជុំជន។ ដូច្នេះហើយ រដ្ឋាភិបាលជប៉ុនបាន និងកំពុងផ្តោតលើការអភិវឌ្ឍរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅតាមទីប្រជុំជន ដើម្បីសម្រេចបាននូវគោលដៅសំខាន់នេះ៕”