ក្រុមហ៊ុនចំនួន២ មកពីប្រទេសចិន រួមមានក្រុមហ៊ុន Zhongjian Yongfeng New Energy Resources Technology Co., Ltd និងក្រុមហ៊ុន China National Energy Group Longyuan Power Overseas Investment Company មានបំណងនឹងចុះអនុស្សារណៈយោគយល់គ្នា ដើម្បីសហការវិនិយោគលើវិស័យថាមពលសូឡានៅកម្ពុជា។
នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈ ប្រតិភូក្រុមហ៊ុន និងសភាពាណិជ្ជកម្ម មកពីសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក ហេង ទី ទីប្រឹក្សាក្រុមហ៊ុន Zhongjian Yongfeng New Energy Resources Technology Co., Ltd កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ គណៈប្រតិភូដែលមកពីប្រទេសចិន មានក្រុមហ៊ុនចំនួន៦ និង សភាពាណិជ្ជកម្មក្រុង Xinyang ខេត្ត Henan ដែលមានសកម្មភាពវិនិយោគក្នុងវិស័យថាមពល, ឧស្សាហកម្ម, សេវាប្រឹក្សាក្នុងវិស័យវិស្វកម្មសំណង់ និងពាណិជ្ជកម្មអន្តរជាតិ។
នាឱកាសនោះ លោក ជា វុទ្ធី បានស្វាគមន៍ចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ពី កាលានុវត្តភាពវិនិយោគ និងសក្តានុពលវិនិយោគរបស់កម្ពុជា។
លោកអគ្គលេខាធិការ ក៏បានលើកឡើងពីស្ថានភាពនៃវិស័យថាមពលនេ កម្ពុជា ព្រមទាំងការកើនឡើងនៃតម្រូវការអគ្គិសនី ដែលបណ្តាលមកពីការកើនឡើងនៃគម្រោងវិនិយោគ ក្នុងវិស័យ ឧស្សាហកម្ម។
ទន្ទឹមនឹងនោះ លោក ហេង ទី ប្រធានគណៈប្រតិភូ បានគូសបញ្ជាក់ថា ក្រុមហ៊ុន Zhongjian Yongfeng New Energy Resources Technology Co., Ltd និងក្រុមហ៊ុន China National Energy Group Longyuan Power Overseas Investment Company មានបំណងនឹងចុះអនុស្សារណៈយោគយល់គ្នា ដើម្បីសហការវិនិយោគលើវិស័យថាមពលសូឡា ហើយបានស្នើឱ្យរាជរដ្ឋាភិបាលផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់ក្រុមហ៊ុន។
លោក ជា វុទ្ធី បានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបានជម្រាបជូនគណៈប្រតិភូថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងពេញទំហឹងទៅលើការប្រើប្រាស់ថាមពលស្អាត។
លើសពីនេះ លោកក៏បានស្នើឱ្យគណៈប្រតិភូពិចារណាលើការវិនិយោគក្នុងវិស័យកសិ- ឧស្សាហកម្ម ដោយកម្ពុជាមានសក្តានុពលខ្ពស់ក្នុងវិស័យកសិកម្ម និងមានដំណាំយុទ្ធសាស្ត្រជាច្រើនរួមមានស្រូវ ដំឡូងមី និងស្វាយចន្ទី ជាដើម ព្រមទាំងពិចារណាលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។
សូមបញ្ជាក់ថា ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ ការវិនិយោគរបស់ចិនមានកំណើនកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ដែលក្នុងឆ្នាំ២០២៣ និង៩ខែដើមឆ្នាំ២០២៤នេះ ប្រទេសចិនជាប្រភពទុនវិនិយោគធំជាងគេទី១នៅកម្ពុជា ហើយក៏មានការកើនឡើងនូវការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា ក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យា ទំនើប និងមានតម្លៃបន្ថែមខ្ពស់ ដូចជារោងចក្រផលិតសំបកកង់រថយន្ត រោងចក្រផលិតគ្រឿងសង្ហារឹម និងរោងចក្រផលិតកង់ ជាដើម។(នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា)