សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តបានលើកទឹកចិត្តឱ្យអាស៊ាន និងសាធារណរដ្ឋកូរ៉េ ពន្លឿនការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងស្តីពី សេវាដឹកជញ្ជូនតាមផ្លូវអាកាសរវាងអាស៊ាន-សាធារណរដ្ឋកូរ៉េ ដើម្បីផ្លាស់ប្តូរទេសចរណ៍ទៅវិញទៅមក។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៥ ដែលរៀបចំឡើងនៅប្រទេសឡាវ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សាធារណរដ្ឋកូរ៉េដើរតួនាទីយ៉ាងសំខាន់ក្នុងការ លើកកម្ពស់នវានុវត្តន៍ឌីជីថលនៅក្នុងតំបន់ រួមមានតាមរយៈការគាំទ្រការសម្រេចឱ្យបាននូវកិច្ចព្រម ព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន។
ចំពោះការលើកកម្ពស់ការតភ្ជាប់តំបន់វិញ សម្តេចធិបតី បានលើកទឹកចិត្តឱ្យអាស៊ាន និងសាធារណរដ្ឋកូរ៉េពន្លឿនការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងស្តីពី សេវាដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលនឹងជំរុញការផ្លាស់ប្តូរទេសចរណ៍ទ្វេភាគីកាន់តែខ្លាំងថែមទៀត។
ដោយឡែក ពាក់ព័ន្ធនឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្តេចធិបតី ក៏បានទន្ទឹងរង់ចាំធ្វើការជាមួយ សាធារណរដ្ឋកូរ៉េ ដើម្បីធ្វើឱ្យអាជីវកម្មខ្នាតតូចកាន់តែមានភាពធន់ ប្រកបដោយការប្រកួតប្រជែង និងផលិតភាព តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភាពជាដៃគូធុរកិច្ចថ្មីអាស៊ាន-សាធារណរដ្ឋ កូរ៉េ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានាដែលគ្របដណ្តប់លើការកសាងសមត្ថភាព ការតភ្ជាប់អាជីវកម្ម និងការផ្ទេរបច្ចេកវិទ្យាទាំងឡាយផងដែរ។
គួរបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៥ នេះដែរ ដើម្បីជំរុញវិស័យសេដ្ឋកិច្ច ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសង្កត់ធ្ងន់ថា ការដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-សាធារណរដ្ឋកូរ៉េ មិនត្រឹមតែនឹងជួយធានាថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះប៉ុណ្ណោះទេ វាក៏នៅតែមានសារសំខាន់ដល់ការឆ្លើយតបដល់ចក្ខុវិស័យវែងឆ្ងាយរបស់អាស៊ានថែមទៀត៕ អត្ថបទ៖ រង្សី




