សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានស្នើទៅកាន់ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យរួមគ្នាអនុវត្តន៍យុទ្ធសាស្រ្តការងារ ដើម្បីគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជាឱ្យមានប្រសិទ្ធភាព។ការស្នើរនេះ បានធ្វើឡើងនៅក្នុងសារលិខិត ដើម្បីអបអរ “ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។
ក្នុងលិខិតនោះ សម្តេចធិបតី បានជំរុញទៅកាន់គ្រប់បណ្តារភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងសកម្មភាពគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការបង្កើនការយល់ដឹងអំពីមុខសញ្ញាគ្រោះថ្នាក់ ការអប់រំផ្សព្វផ្សាយ ព័ត៌មានព្យាករណ៍ និងការ ប្រកាសឱ្យដឹងមុន និងចូលរួមក្នុងសកម្មភាពទប់ស្កាត់ ការពារ និងកាត់បន្ថយគ្រោះមហន្តរាយ។
សម្តេចធិបតី ក៏ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធសហការអនុវត្តន៍ការងារ ពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាកំណើនសេដ្ឋកិច្ច ធ្វើការវិនិយោគ ពង្រីកមុខរបរ ដែលធន់ ដើម្បីរក្សាស្ថេរភាពជីវភាពរស់នៅ ជាមួយការរស់នៅស្អាត បរិស្ថានល្អ និងភូមិ-ឃុំមានសុវត្ថិភាព ក៏ ដូចជាការការរួមចំណែកគាំទ្រ ឧបត្ថម្ភធនធានសម្ភារៈ មធ្យោបាយ ថវិកាដល់អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ កសាងហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាព និងនៅក្នុងសកម្មភាពឆ្លើយ តបគ្រោះមហន្តរាយនានា។
យ៉ាងណាមិញ តាមរយៈលិខិត ខាងលើនេះដែរ សម្តេចសង្ឃឹមថា ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តស្ថិតនៅជាស្មារតីនៃការចងចាំ អំពីអតីតកាលឈឺចាប់នៃគ្រោះមហន្តរាយបង្កដោយ មនុស្ស គឺ “សង្គ្រាម” ហើយយកការចងចាំនេះជាមេរៀន ដើម្បីការពារ និងថែរក្សានូវសុខសន្តិភាព ដែលជា គ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជន៕ អត្ថបទ៖ រង្សី