សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមភារកិច្ចជូនឯកឧត្តម ហួត ហាក់ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តកំពង់ធំ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បាន​ចេញ​សេចក្តី​សម្រេច​បន្ថែមភារកិច្ចជូន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាលនេះដែរ បាន​សម្រេច​ផ្ទេរ​និង​ចាត់តាំង​ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច ពី​អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តកំពង់ធំ មក​ជាអនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង។ ចំណែក​ឯ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ត្រូវ​បាន​ចាត់តាំង ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តកំពង់ធំ បន្ថែម​លើ​ភារកិច្ច​ជា អនុប្រធាន​ក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តកំពង់ចាម។

ដោយឡែក សម្រាប់ការងារគណបក្សវិញ គណៈកម្មាធិការកណ្តាល​នៃ​គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក៏​បាន​ចេញ​សេចក្តីសម្រច​ចាត់តាំង ឯកឧត្តម ហួត ហាក់ ជាអនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ខេត្តកំពង់ធំ (បន្ថែម​លើ​ភារកិច្ច​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ខេត្ត​កំពង់ចាម ផងដែរ។

​​សូមជម្រាបថា ឯកឧត្តម ហួត ហាក់ វ័យ៥១ឆ្នាំ មានស្រុកកំណើតនៅ​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ លោក​បាន​បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកនីតិសាស្រ្ត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្ត​សេដ្ឋកិច្ច និងសញ្ញាបត្រជាមន្ត្រីជាន់ខ្ពស់ ផ្នែកការទូត នៅសាលាភូមិន្ទរដ្ឋបាល (ERA) នៅឆ្នាំ២០០១។ លោក​ក៏បានបន្តការសិក្សា បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនយោបាយ នៅឆ្នាំ២០០៥ និងថ្នាក់បណ្ឌិត​គ្រប់គ្រងធុរកិច្ច ពីសកលវិទ្យាល័យ Preston ប្រទេសអង់គ្លេសនៅឆ្នាំ២០០៨ ព្រមទាំង​ការសិក្សា​វគ្គ​ផ្សេងៗ​នៅ​តាម​បណ្តា​ប្រទេស​ស៊ីវិល័យ​ជា​ច្រើន​ទៀត។

ចំពោះ​ប្រវត្តិការងារ លោក ហួត ហាក់​ ធ្លាប់ចូលបម្រើការតាំងពីជាមន្រ្តីធម្មតា ជាប្រធានការិយាល័យ ជាប្រធាន​នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៨ ជាអនុរដ្ឋលេខាធិការរ យៈពេល ១០ឆ្នាំ ពី​ឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ និងជារដ្ឋលេខាធិការទទួលបន្ទុកការងារទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ នៅក្រសួងអធិការកិច្ច មុន​នឹង​ក្លាយ​ជា​ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅ​ក្នុង​អាណត្តិទី៧ នៃ​រាជរដ្ឋាភិបាលថ្មី កាលចុងឆ្នាំ២០២៣។ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ កែសម្រួល និងតែងតាំងឯកឧត្តម ហួត ហាក់ ជា​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខណៈដែល ឯកឧត្តម សុខ សូកេន ត្រូវបានតែងតាំង​ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច​វិញ៕