ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin Engineering Corporation និងភាគីពាក់ព័ន្ធ បានបើកកិច្ចប្រជុំពិភាក្សារួមគ្នា ដើម្បីសិក្សាលម្អិតគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ – អរិយក្សត្រ)ឱ្យបានឆាប់។
ថ្លែងក្នុងកិច្ចប្រជុំ កាលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំធ្វើឡើងដើម្បីពិភាក្សាលម្អិតទៅលើការរចនា និងសាងសង់ស្ពានឱ្យស្របតាមបទដ្ឋានបច្ចេកទេស ទីតាំងភូមិសាស្រ្ត សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ បង្កើនប្រសិទ្ធភាព សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួលជាងមុន និងអាចបញ្ចៀសបានកត្តាដែលអាចប្រឈមដល់គម្រោង។
គួររំលឹកថា គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ នឹងត្រូវសាងសង់ជាប្រភេទស្ពានខ្សែកាប(Two cable stayed bridges) មានប្រវែងសរុប ២,៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ស្ថិតក្រោមហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានតម្លៃ តម្លៃ ២៣៥លានដុល្លារ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។
យ៉ាងណាមិញ ថ្មីៗនេះដែល លោក Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង ក៏ទើបតែបញ្ជាក់ជាថ្មីយ៉ាងច្បាស់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅឆ្នាំ ២០២៥ ខាងមុខនេះ ខណៈកម្ពុជារំពឹងថា វត្តមានស្ពាននេះ នឹងកាន់តែជួយពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានប្រធានាធិបតី នាប្រទេសកូរ៉េ៕ អត្ថបទ៖ រង្សី