រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យចរាចរ និងប្រើប្រាស់នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី២០០០០០រៀល (២សែនរៀល) នៅទូទាំងប្រទេសកម្ពុជាជាផ្លូវការហើយ។ នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ។

នៅក្នុងអនុក្រឹត្យនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យ ធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០.០០០ រៀល និងដាក់ឱ្យចរាចរ នៅទូទាំងកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។
សម្តេចធិបតី បានបន្ថែមថា ធនាគារជាតិនៃកម្ពុជា មានភារកិច្ចចេញសេចក្តីប្រកាសដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្គាល់នៃធនប័ត្រ អនុស្សាវរីយ៍ ប្រភេទ ២០០០០០ រៀល នេះ។លើសពីនេះ សម្តេចធិបតី ក៏បានណែនាំទៅកាន់ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធាន គ្រប់ស្ថាប័នដែលពាក់ព័ន្ធ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
បើតាមរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការសម្រេចដាក់ឱ្យចរាចរ និងប្រើប្រាស់ប្រភេទ ២សែនរៀល នាពេលនេះ គឺដើម្បីអបអរសាទរខួបលើកទី ២០ នៃការគ្រងព្រះបរមរាជសម្បត្តិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ រង្សី


