បច្ចុប្បន្ន កម្ពុជាមានរដ្ឋាករទឹកសាធារណៈចំនួន១១ និងប្រតិបត្តិករទឹកស្អាតឯកជនជាង៤០០ស្ថាប័ន

សង្គម​ និង​សេដ្ឋកិច្ច

ស្ថានភាពនៃវិស័យទឹកស្អាតនៅកម្ពុជា បច្ចុប្បន្នមានភាពបែកខ្ញែកច្រើន ក្នុងនោះមានរដ្ឋាករទឹកសាធារណៈចំនួន១១ និងប្រតិបត្តិករទឹកស្អាតឯកជនជាង៤០០ស្ថាប័ន។នេះបើតាមការឱ្យដឹងពីលោក ហែម វណ្ឌឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានប្រសាសន៍នៅក្នុងជំនួបជាមួយគណៈប្រតិភូមកពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោក ហែម វណ្ឌឌី បានលើកឡើងថាកំណើននៃនគរូបនីយកម្ម ឧស្សាហកម្ម និងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០។

លោកបន្តថា ស្ថានភាពនៃវិស័យទឹកស្អាតនៅកម្ពុជាបច្ចុប្បន្ន មានភាពបែកខ្ញែកច្រើន ដោយក្នុងនោះមានរដ្ឋាករទឹកសាធារណៈចំនួន១១ និងប្រតិបត្តិករទឹកស្អាតឯកជនជាង៤០០ស្ថាប័ន។

លោកស្រី Sandrine Boucher នាយក AFD ប្រចាំប្រទេសកម្ពុជា ក៏បានបញ្ជាក់ថា AFD បានរួមចំណែកក្នុងវិស័យទឹកស្អាតនៅកម្ពុជាជាង៣០ឆ្នាំមកហើយ។ តាមរយៈជំនួយបច្ចេកទេសនេះ AFD បានបញ្ជូនក្រុមអ្នកជំនាញ ដើម្បីធ្វើការសិក្សាកំណត់វិសាលភាព សម្រាប់ជាមូលដ្ឋានគ្រឹះនៃការសិក្សាសមិទ្ធិលទ្ធភាពនៃការកែទម្រង់វិស័យទឹកស្អាត ដែលគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៥។

លើសពីនេះ សហភាពអឺរ៉ុប ក៏បានបញ្ជាក់ការផ្តល់មូលនិធិសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពនេះ ស្របតាមយុទ្ធសាស្ត្រអឺរ៉ុបរួមទីពីរសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលក្នុងនោះការកែទម្រង់វិស័យទឹកស្អាតគឺជាអាទិភាពចម្បងមួយរបស់ខ្លួនផងដែរ។

សូមជម្រាបជូនថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់អាទិភាពលើសេវាទឹកស្អាត សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ និងជាកាតាលីករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច  ពិសេសនៅក្នុងទីក្រុង តំបន់ប្រជុំជន ច្រករបៀងសេដ្ឋកិច្ច តំបន់ឧស្សាហកម្ម និងកសិ-ឧស្សាហកម្មជាដើម។ក្នុងនោះ ការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ដៃគូ ដូចជាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហភាពអឺរ៉ុប មានសារៈសំខាន់ណាស់ ខណៈដែលកម្ពុជាកំពុងខិតខំប្រឹងប្រែង សម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្តីពីទឹកស្អាត និងអនាម័យ។

សូមបញ្ជាក់បន្ថែមថា AFD ក៏ទើបបានអនុម័តជំនួយឥតសំណងចំនួន ២០០.០០០ អឺរ៉ូ សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពដល់រដ្ឋាករទឹកស្វយ័តសៀមរាប។  ក្រោយការសិក្សាសមិទ្ធិលទ្ធភាពនេះ កិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោងដែលមានតម្លៃប្រមាណ២៥លានអឺរ៉ូ គ្រោងនឹងចុះហត្ថលេខានៅត្រឹមដំណាច់ឆ្នាំ២០២៥៕