សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលក្រាបថ្វាយបង្គំគាល់ ក្នុងឱកាសព្រះរាជពិធីគម្រប់ ២០ ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងបានថ្វាយធនបត្រអនុស្សាវរីយ៍ប្រភេទ ២សែនរៀលថ្មី។

យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កាលព្រឹកទី១៦ តុលា ២០២៤ សម្តេចធិបតី បានចូលក្រាប់ថ្វាយបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង ក្នុងឱកាសព្រះរាជពិធីគម្រប់ ២០ ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងថ្វាយធនបត្រអនុស្សាវរីយ៍ប្រភេទ ២០០.០០០ រៀលថ្មី និងសៀវភៅក្បាច់បាតមូលដ្ឋានគ្រឹះនៃរបាំព្រះរាជទ្រព្យ ។
ការចូលក្រាប់ថ្វាយបង្គំគាល់ព្រះមហាក្សត្រ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺមានការអមដំណើរដោយលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សូមរម្លឹកដែរថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យចរាចរ និងប្រើប្រាស់នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី២០០០០០រៀល (២សែនរៀល) នៅទូទាំងប្រទេសកម្ពុជាជាផ្លូវការហើយ។ នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ៕






