ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញអង្ករ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញចំនួន ១២ ទៅចូលរួមតាំងបង្ហាញនូវផលិតផលអង្ករដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានអង្ករល្អបំផុតពិភពលោក នៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ Salon International de l’Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំងដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។
ការចូលរួមព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris នេះ គឺជាការចូលរួមលើកទី២របស់សហព័ន្ធស្រូវអង្ករកម្ពុជានិងបានរៀបចំនូវពន្លាជាតិមួយយ៉ាងស្រស់ស្អាតទំហំ ៨០ ម៉ែត្រការ៉េ បន្ទាប់ពីការចូលរួមលើកទី១ នៅក្នុងឆ្នាំ២០១៤។
សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា៖ គោលបំណងនៃការចូលរួមព្រឹត្តិការណ៍តាំងពិរព័រណ៍នេះ គឺដើម្បីធ្វើពិពិធកម្មទីផ្សារដែលស្របទៅតាមគោលនយោបាលរបស់ រាជរដ្ឋាភិបាលដែលមានក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើបទដ្ឋានស្តង់ដារ និងលក្ខខណ្ឌសុវត្ថិភាពចំណីអាហារ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទជាសេនាធិការក្នុងការជំរុញផលិតផលចូលទីផ្សារ និងការដាំដុះតម្រូវតាមទីផ្សារ។
គួរជម្រាបថា៖ អស់រយៈពេល ៦០ ឆ្នាំ ព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris បានក្លាយជាវេទិកាមួយ សម្រាប់ឧស្សាហកម្មម្ហូបអាហារទាំងមូល និងជាមជ្ឈមណ្ឌលសំខាន់មួយសម្រាប់ការផ្គត់ផ្គង់ក៏ដូចជាតម្រូវការអាហារពិភពលោកដោយផ្តោតលើការច្នៃប្រឌិត៕