លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចតែងតាំងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា ឱ្យទទួលបន្ទុកជាប្រធានមណ្ឌលអប់រំកែប្រែទី១ (គុកព្រៃស) នៃអគ្គនាយកដ្ឋានពន្ធនាគារ បន្ថែមលើមុខតំណែងបច្ចុប្បន្ន។



ការតែងតាំងខាងលើនេះ គឺបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកភាពជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដែលបានរៀបចំចាត់វិធានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារ «ម១» ឬហៅថាគុកព្រៃស បន្ទាប់ពីមានឃ្លីបវីដេអូមួយបែកធ្លាយតាមបណ្ដាញសង្គមដែលបង្ហាញពីឧក្រិដ្ឋជនជនជាតិចិន ប្រើប្រាស់គ្រឿងញៀនរាំរែកជប់លៀងយ៉ាងសប្បាយនៅក្នុងពន្ធនាគារ។
ក្នុងពិធីអបអរខួប ៣០ឆ្នាំនៃថ្ងៃបង្កើតកងពលតូចលេខ៧០ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យពិនិត្យ និងស្រាវជ្រាវយ៉ាងម៉ត់ចត់ករណីជនជាតិចិន និងខ្មែរជប់លៀងរាំរែក និងផឹកស៊ីនៅក្នុងពន្ធនាគារ។ សម្តេចបានបន្ថែមថា ដើម្បីពង្រឹងការដឹកនាំ និងសន្តិសុខសណ្ដាប់ធ្នាប់នៅមណ្ឌលអប់រំកែប្រែទី១ នេះ លុះត្រាណាក្បាលម៉ាស៊ីនដឹកនាំនៅទីនោះត្រូវតែមានការផ្លាស់ប្ដូរ។
មណ្ឌលអប់រំកែប្រែទី១ (គុកព្រៃស) មានទីតាំងស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រធានមណ្ឌលអប់រំកែប្រែទី១ ពីមុនដឹកនាំដោយលោក យិន គន្ធ ប៉ុន្តែលោកបានចូលនិវត្តរ៍ ត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ហើយចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ២ ម៉ុង ម៉េងអ៊ាន់ ត្រូវបានតែងតាំងជាប្រធានស្តីទីបណ្តោះអាសន្ន។
សូមជម្រាបថា លោក នុត សវនា បច្ចុប្បន្នក៏មានតួនាទីជាអ្នកនាំពាក្យ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ។ លើសពីនេះ លោកក៏ជាថ្នាក់ដឹកនាំមួយរូបនៃសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យមហាផ្ទៃ និងជាក្រុមការងារគណបក្សចុះជួយស្រុកមេសាង ខេត្តព្រៃវែងផងដែរ៕


