ក្រុមហ៊ុនយន្តហោះអាមេរិក បានបង្ហាញពីចំណាប់អារម្មណ៍ចង់វិនិយោគចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា ខណៈមន្រ្តីជាន់ខ្ពស់ក្រុមហ៊ុន បានជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រាប់ពីបំណងរបស់ក្រុមហ៊ុនរួចរាល់ហើយ។
ថ្លែងក្នុងជំនួបពិភាក្សា ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក Julien Nargeot អនុប្រធានផ្នែកលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក អូស្រ្តាលី និងនូវែលសេឡង់ នៃក្រុមហ៊ុន Gulfstream Aerospace Corporation សម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងការចាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា។
ជាមួយគ្នានេះ លោក Julien Nargeot ក៏លើកឡើងថា ក្រុមហ៊ុន Gulfstream Aerospace Corporation គឺជាក្រុមហ៊ុនផ្គត់ផ្គត់យន្តហោះឈាឈានមុខមួយរបស់សហរដ្ឋអាមេរិក ដោយផ្តោតលើយន្តហោះឯកជន(Private Jet)។ ក្រុមហ៊ុន Gulfstream Aerospace Corporation នាពេលខាងមុខ មានបំណងចូលរួមអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា ដើម្បីរួមចំណែកពពង្រីកការតភ្ជាប់ និងទេសចរណ៍ នៅក្នុងតំបន់ និងពិភពលោក។
ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា ខណៈសម្តេចធិបតី អះអាងថា តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ក៏ដូចជាសម្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា។ហេតុនេះ សម្តេចថា ការធ្វើធុរកិច្ចក្នុងឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា នឹងផ្តល់ឱកាសល្អដល់ក្រុមហ៊ុន។
យ៉ាងណាមិញ នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ក៏បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធនានា ដើម្បីស្វែងយល់លម្អិតបន្ថែមអំពីសក្តានុពលនៃការវិនិយោគនៅក្នុងឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជាផងដែរ៕អត្ថបទ៖ ហ្សាលីន