អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានឱ្យដឹងថា ប្រទេសកម្ពុជាទទួលបានប្រាក់ជាង ៧,៦ ពាន់លានដុល្លារពីការនាំចេញទំនិញទៅទីផ្សារអាមេរិកនៅក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៤ កើនជាង ១០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ខណៈអាមេរិកនៅតែជាប្រទេសនាំមុខគេដែលទទួលទិញទំនិញពីកម្ពុជា គឺចំនួនជិត ១ភាគ៣ នៃទឹកប្រាក់នាំចេញសរុប។

បើយោងតាម GDCE ចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា និងអាមេរិក មានចំនួនសរុប ៧,៨ ពាន់លានដុល្លារ កើនជាង ១០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានជាង ៧ ពាន់លានដុល្លារ ក្នុងនោះទំនិញកម្ពុជានាំទៅអាមេរិក ចំនួន ៧,៦ ពាន់លានដុល្លារ កើន ១០,៣ ភាគរយ ចំណែកទំនិញអាមេរិកនាំមកកម្ពុជាចំនួន ១៩៣ លានដុល្លារ កើន ៦,៧ ភាគរយ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៩ ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ កម្ពុជាសម្រេចបានទឹកប្រាក់ជាង ១៩,៨៣ ពាន់លានដុល្លារ ពីការនាំទំនិញចេញទៅក្រៅប្រទេស កើនឡើង ១៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុង ២០២៣ ដែលមានទំហំទឹកប្រាក់ ១៦,៩៤ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់GDCE។

ការនាំចេញទំនិញរបស់កម្ពុជាមានទំហំទឹកប្រាក់ ១៩,៨៣ ពាន់លានដុល្លារ កើនឡើង ១៧% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២១,១០ ពាន់លានដុល្លារ កើនឡើង ១៥,៩%។
គួរបញ្ជាក់ថា ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ គឺសម្លៀកបំពាក់ គ្រាប់ធញ្ញជាតិ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី បន្លែ ស្បែកជើង កៅស៊ូ ផ្លែឈើ និងគ្រឿងសង្ហារឹមជាដើម។
ចំណែកប្រទេសពាណិជ្ជកម្មចម្បងរបស់កម្ពុជារួមមាន ចិន អាមេរិក វៀតណាម ថៃ ជប៉ុន កាណាដា អេស្ប៉ាញ ឥណ្ឌូនេស៊ី និងអង់គ្លេស ជាដើម៕