លោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរ និងសំណេះសំណាលក្នុងឱកាសខួបលើកទី៦៧ នៃបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងរាជរដ្ឋាភិបាលកម្ពុជា នាល្ងាចថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

ក្នុងពិធីអបអរសាទរ និងសំណេះសំណាលក្នុងឱកាសខួបលើកទី៦៧ នៃបុណ្យជាតិម៉ាឡេស៊ី នាព្រលប់ម្សិលមិញនេះ គេឃើញមានវត្តមាន ថ្នាក់ដឹកនាំក្រសួងស្ថាប័ន អ្នកឧកញ៉ា ឧកញ៉ា វិស័យឯកជន តំណាងក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើន បានអញ្ជើញចូលរួមផងដែរ។
គួររំឭកថា នាឱកាសដែលថ្នាក់ដឹកនាំកម្ពុជាទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសម៉ាឡេស៊ី កន្លងមក ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានឯកភាពគ្នាពង្រឹងទំនាក់ទំនងដ៏យូរលង់ ឱ្យកាន់តែស៊ីជម្រៅថែមទៀតទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងតំបន់ ព្រមទាំងបានបង្ហាញតាមរយៈសន្និសីទសារព័ត៌មានរួមគ្នារវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ដាតុស៊េរី អាន់វ៉ាអ៊ីប្រាហ៊ឹម (Datuk Seri Anwar Ibrahim) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នេះជាខួបលើកទី៦៧ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយចំណងមិត្តភាពនេះ ក៏មានការវិវត្តន៍ និងរីកចម្រើនទៅដល់កម្រិតថ្មីមួយទៀត ក្នុងក្របខណ្ឌនៃវិស័យសេដ្ឋកិច្ច ខណៈប្រទេសទាំងពីរ បាននិងកំពុងមានទំនាក់ទំនងល្អទាំងកម្រិតថ្នាក់ដឹកនាំ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងទំនាក់ទំនងលើវិស័យការពារជាតិ។
ក្នុងថ្ងៃខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិម៉ាឡេស៊ី កាលថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៤ លោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា លោកពិតជាមានសេចក្តីរំភើប និងមានមោទនភាពជាខ្លាំងដែលឃើញជនជាតិម៉ាឡេស៊ីនៅកម្ពុជា អ្នកខ្លះបានរស់នៅយូរឆ្នាំ នៅតែមានស្មារតីស្នេហាជាតិ ភាពស្មោះត្រង់ចំពោះជាតិ និងបានរក្សាអត្តសញ្ញាណជនជាតិម៉ាឡេស៊ី។
លោកបានបន្ថែមថា ក្នុងនាមជាជនជាតិម៉ាឡេស៊ី និងជាឯកអគ្គរដ្ឋទូតម៉ាឡេស៊ី លោកពិតជាមានមោទនភាពយ៉ាងខ្លាំងដែលឃើញសាជីវកម្ម និងប្រជាជនម៉ាឡេស៊ីទទួលបានភាពលេចធ្លោនៅទីនេះ។ វត្តមានរបស់ក្រុមហ៊ុនម៉ាឡេស៊ី គឺអាចមើលឃើញច្បាស់ខ្លាំង ហើយត្រូវបានទទួលស្គាល់ថាជាផ្នែកមួយនៃទិដ្ឋភាពសាជីវកម្ម និងធុរកិច្ចនៅកម្ពុជា។ ធុរកិច្ច និងប្រជាជនម៉ាឡេស៊ីបានចូលរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍប្រទេសកម្ពុជា៕















