ភ្នំពេញ៖ ដើម្បីជួយដោះស្រាយផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុ និងដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយចីរភាព សាជីកម្មហិរញ្ញវត្ថុអន្តរជាតិ សហការជាមួយសមាគមធនាគារនៅកម្ពុជា (ABC) ដើម្បីបង្កើនសមត្ថភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកអំពី ហិរញ្ញប្បទានអាកាសធាតុ។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក និងសាជីកម្មហិរញ្ញវត្ថុអន្តរជាតិ ស្តីពីស្ថានភាពអាកាសធាតុនិង ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា (Cambodia Country Climate and Development Report ហៅកាត់ថា CCDR) ប្រទេសកម្ពុជានឹងត្រូវការការវិនិយោគបន្ថែមចំនួន ៣៦ ពាន់លានដុល្លារពីវិស័យឯកជន និងពីវិស័យសាធារណៈ រវាងឆ្នាំ ២០២៣ និង ២០៥០ ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុស្តីពីអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។
ដើម្បីដោះស្រាយតម្រូវការបញ្ចេញដើមទុន សម្រាប់គម្រោងដែលមិនមានផលប៉ះពាល់អាកាសធាតុ កម្មវិធីបណ្តុះ បណ្តាល ត្រូវបានរៀបចំឡើងនៅថ្ងៃទី ១៧ ខែតុលា ដើម្បីផ្តល់ចំណេះដឹង និងឧបករណ៍ដល់បុគ្គលិកធនាគារជាង មួយរយនាក់ដែលពួកគេត្រូវការ ដើម្បីជំរុញគំនិតផ្តួចផ្តើមស្តីពីហិរញ្ញប្បទានប្រកបដោយចីរភាព។ កម្មវិធីបណ្តុះ បណ្តាលនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទូលំទូលាយរវាង IFC និងធនាគារជាតិនៃកម្ពុជា (NBC) ដើម្បី ជំរុញសន្ទុះហិរញ្ញប្បទានបៃតង តាមរយៈការអភិវឌ្ឍន៍ទីផ្សារមូលធននៅកម្ពុជា។ ដោយមានការសម្របសម្រួលពី សំណាក់អ្នកជំនាញរបស់ IFC និងភាគីពាក់ព័ន្ធសំខាន់ៗនៃធនាគារជាតិនៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា វគ្គ បណ្តុះបណ្តាលបានគ្របដណ្តប់លើប្រធានបទជាច្រើន ដោយផ្តើមពីប្រព័ន្ធវត្តិករសាស្ត្រសម្រាប់ហិរញ្ញប្បទាន ប្រកបដោយចីរភាព និងប្រព័ន្ធគ្រប់គ្រងបរិស្ថាននិងសង្គមដែលកំពុងប្រព្រឹត្តទៅ រហូតដល់និន្នាការថ្មីៗ និង ឱកាស នៅក្នុងហិរញ្ញប្បទានប្រកបដោយចីរភាព។
លោកស្រី តូហ្វីគ្នា ហូក (Towfiqua Hoque) ប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដែលទើបតែងតាំងថ្មីប្រចាំនៅ កម្ពុជា បានមានប្រសាសន៍ថា “សារៈសំខាន់នៃហិរញ្ញប្បទានប្រកបដោយចីរភាពមិនអាចត្រូវបានបរិយាយឲ្យ អស់សេចក្តីបានឡើយ។ វាមិនគ្រាន់តែជាការគ្រប់គ្រង ហានិភ័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចាប់យកឱកាសដែលមកជាមួយនឹងការផ្លាស់ប្តូរបៃតងផងដែរ” ។ “តាមរយៈការរួមបញ្ចូលនូវការពិចារណាផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ចទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ យើងអាចបង្កើតសេដ្ឋកិច្ច ដែលមានភាពធន់ និងមានបរិយាប័ន្នកាន់តែខ្លាំង”។
ក្នុងតួនាទីថ្មីរបស់គាត់ លោកស្រី ហូក នឹងដឹកនាំគំនិតផ្តួចផ្តើមរបស់ IFC ដើម្បីជំរុញវិស័យហិរញ្ញវត្ថុរបស់ប្រទេស កម្ពុជា ជំរុញថាមពលកកើតឡើងវិញ លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារបៃតង និងពង្រីកហិរញ្ញ ប្បទានអាកាសធាតុ។
បច្ចុប្បន្ននេះ មានកត្តាជាច្រើនដែលរារាំងសក្តានុពលហិរញ្ញប្បទានបៃតងរបស់កម្ពុជា រួមមានកង្វះការណែនាំអំពីអ្វីដែលមានលក្ខណៈគ្រប់គ្រាន់ជាហិរញ្ញប្បទានបៃតង និងគោលនយោបាយបៃតងមានកម្រិត ក្នុងចំណោម ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក ដើម្បីជំរុញការច្នៃប្រឌិត ការណែនាំនិងការអនុវត្ត ហិរញ្ញប្បទានប្រកបដោយចីរភាព។
លោក ឌិត សុចល សមាជិកក្រុមប្រឹក្សានិងជាប្រធានគណៈកម្មាធិការហិរញ្ញប្បទានប្រកបដោយចីរភាពរបស់ ABC បាននិយាយថា “ប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលមួយដ៏សំខាន់ដែលផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុកាន់តែបង្ហាញឱ្យឃើញច្បាស់ ហើយមានតម្រូវការបន្ទាន់ក្នុងការកសាងសមត្ថភាព និងជំនាញក្នុង វិស័យហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រង និងលើកកម្ពស់គំនិតផ្តួចផ្តើមស្តីពីហិរញ្ញប្បទានបៃតងប្រកបដោយប្រសិទ្ធភាព”។ “វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ឱ្យអ្នកចូលរួមនូវការយល់ដឹងដ៏មានតម្លៃ និងយុទ្ធសាស្ត្រ អនុវត្តន៍ជាក់ស្តែង ដែលពួកគេនឹងនាំយកទៅកាន់ស្ថាប័នរៀងៗខ្លួន”។
CCDR បានប៉ាន់ប្រមាណថា ដោយសារប្រទេសកម្ពុជាងាយរងគ្រោះដោយទឹកជំនន់ គ្រោះរាំងស្ងួត និងការឡើង កម្ពស់កម្រិតទឹកសមុទ្រ ប្រសិនបើគ្មានវិធានការបន្សំ និងកាត់បន្ថយត្រឹមត្រូវ ការប្រែប្រួលអាកាសធាតុអាចធ្វើឲ្យ ខាតបង់រហូតដល់ ៩ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាត្រឹមឆ្នាំ ២០៥០។
ថ្មីៗនេះ ក្រុមធនាគារពិភពលោកបានអនុមត័ក្របខ័ណ្ឌភាពជាដៃគូប្រចាំប្រទេស សម្រាប់កម្ពុជា ដែលសង្កត់ធ្ងន់ លើការលើកកម្ពស់ធនធានមនុស្សរបស់ប្រទេសជាតិ ដើម្បីបង្កើនភាពប្រកួតប្រជែង និងជំរុញភាពធន់។
លោក ស្រី ហូក បានបន្ថែមថា “កិច្ចខិតខំប្រឹងប្រែងរបស់ IFC មានគោលបំណងគាំទ្រដល់វិស័យឯកជនដ៏រឹងមាំ និងមាន លក្ខណ:ប្រកួតប្រជែង ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញដំណាក់កាលបន្ទាប់របស់ប្រទេស កម្ពុជាលើ ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព និងកាបូនកម្រិតទាប”៕