ស្ថាប័នរដ្ឋាភិបាល កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានផ្សព្វផ្សាយ “របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤” សំដៅជួយលើកកម្ពស់បរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ពិធីផ្សព្វផ្សាយនេះ មានការចូលរួមពីក្រសួងស្ថាប័នរដ្ឋាភិបាល វិស័យឯកជន និងភាគីពាក់ព័ន្ធសរុប ២៥០នាក់ ពិធីផ្សព្វផ្សាយ “របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួច ជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណកម្មការសម្របសម្រួល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានលើកឡើងថា ពិធីផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវរបាយការណ៍ខាងលើ ដោយបានផ្តោតជាចម្បងលើវិធីសាស្ត្រក្នុងការរៀបចំ, វឌ្ឍនភាពនៃការអនុវត្តវិធានការ, យន្តការស្ថាប័ន, បញ្ហាប្រឈម, អនុសាសន៍, និងទិសដៅការងារបន្ត។
លោកបន្តថា របាយការណ៍នេះ គឺជាឯកសារមូលដ្ឋានសម្រាប់ជូនរាជរដ្ឋាភិបាលពិនិត្យពិចារណាក្នុងការតម្រង់ទិស និងពន្លឿនការអនុវត្តវិធានការដែលនៅសេសសល់ ព្រមទាំងដាក់ចេញវិធានការបន្ថែមដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលបានលើកឡើង ហើយក៏នឹងផ្តល់ព័ត៌មានជូនវិស័យឯកជនពីវឌ្ឍនភាព គណនេយ្យភាពរបស់ក្រសួងស្ថាប័ន ក្នុងការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ។
ក្នុងនាមជាតំណាងផ្នែកឯកជន អ្នកឧកញ៉ា គិត ម៉េង បានសម្តែងនូវសេចក្តីសោមនស្សចំពោះវឌ្ឍនភាព ដែលវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) សម្រេចបានកន្លងមក ហើយការណ៍នេះបានសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារវាងរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ និងកំណែទម្រង់សំខាន់ៗ ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ធុរកិច្ច និងការវិនិយោគទូទាំងប្រទេស។
សូមបញ្ជាក់ថា វេទិកា G-PSF លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ជាលទ្ធផល តាមរយៈ វេទិកា G-PSF លើកទី១៩នេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ចម្បងៗចំនួន១១។
លើសពីនេះ លទ្ធផលដែលប្រសូត្រចេញពីពិធីផ្សព្វផ្សាយនេះ បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សពីការប្តេជ្ញាចិត្តខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់ និងជាក្បាលម៉ាស៊ីននៃ កំណើនសេដ្ឋកិច្ចជាតិ ដោយបានទទួលយកនូវសំណូមពរនិងបញ្ហាប្រឈមរបស់វិស័យឯកជន មកពិនិត្យ ដោះស្រាយ និងអន្តរាគមន៍ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនិងវិនិយោគ ឱ្យកាន់តែមានជីវភាព អំណោយផល ទាក់ទាញ ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ សំដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា៕ អត្ថបទ៖ ហ្សាលីន