«កម្ពុជា នៅមានទុនបម្រុងអន្តរជាតិមានចំនួន ២០ ប៊ីលានដុល្លារនិងរក្សាបានជំនឿទុកចិត្តលើស្ថិរភាពសេដ្ឋកិច្ចកម្ពុជា ដែលប្រហាក់ប្រហែលនឹងចុងឆ្នាំ ២០២៣ បើទោះបីជាប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពហិរញ្ញវត្ថុនិងសេដ្ឋកិច្ចអន្តរជាតិក៏ដោយ។» នេះបើយោងតាមប្រសាសន៍របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។

ទុនបម្រុងអន្តរជាតិ (Foreign Exchange Reserves) គឺជាទ្រព្យសម្បត្តិរបស់ប្រទេសមួយដែលទទួលស្គាល់ជាអន្តរជាតិ និងគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុទុកប្រើប្រាស់ក្នុងករណីចាំបាច់ ដូចជា ការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ ប្រសិនបើមានតម្រូវការ ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាជំនឿទុកចិត្តលើរូបិយវត្ថុនិងសេដ្ឋកិច្ចជាតិ។
ទុនបម្រុងអន្តរជាតិទាំងនេះមានសារៈសំខាន់ណាស់ ជាពិសេសដើម្បីរក្សាតម្លៃលុយជាតិមិនឱ្យប្រែប្រួលខ្លាំង និងដើម្បីប្រើប្រាស់ក្នុងគោលនយោបាយរូបិយវត្ថុផ្សេងៗផងដែរ។

គួរំលឹកដែរថា បច្ចុប្បន្នធនាគារជាតិនៃកម្ពុជា រក្សាមាស ៣៦,៥តោន ដែលក្នុងនោះរួមមាន៖ មាស ដែលជាកេរមរតកតាំងពីមុនសម័យសង្គ្រាម មានចំនួន ១២,៤តោន ដែលកំពុងរក្សាទុកនៅប្រទេសស្វីស មាសចំនួន ១៤,១ តោន កំពុងវិនិយោគនៅធនាគារកណ្តាលអង់គ្លេស និងមាសចំនួន ១០តោន ត្រូវបានរក្សាទុកនៅកម្ពុជា៕