កម្ពុជា-ឥណ្ឌូនេស៊ី កំពុងជំរុញការតភ្ជាប់ប្រទេសទាំងពីរ តាមរយៈទំនាក់ទំនងរវាងវិនិយោគិន និងវិនិយោគិន ខណៈភាគីទាំងពីរក៏មានសុទិដ្ឋិនិយមចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំថែមទៀត។
ការជំរុញនេះ បានធ្វើឡើងរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Mohd Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) កាលពីចុងសប្តាហ៍។
ក្នុងឱកាសនោះ សម្ដេចធិបតី និងលោកប្រធានអង្គការ CAPDI បានពិភាក្សាអំពីការជំរុញការតភ្ជាប់ប្រទេសទាំងពីរ តាមរយៈទំនាក់ទំនងរវាងវិនិយោគិន និងវិនិយោគិន ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការជំរុញវិស័យទេសចរណ៍ ពិសេសការជំរុញការតភ្ជាប់ឱ្យកាន់តែប្រសើរ និងសម្បូរណ៍បែប ពីគោលដៅទេសចរណ៍សំខាន់ៗរវាងកម្ពុជា និងឥណ្ឌូនេស៊ី។
បន្ថែមលើនោះ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនទានអំពីបញ្ហាតំបន់ និងអន្តរជាតិ ដោយផ្ដោតលើ ការកសាងសុខសន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ សំដៅធានាបាននូវការអភិវឌ្ឍរីកចម្រើន និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជាថ្មីម្តងទៀត ក្រៅពីចំនុចខាងលើ កម្ពុជា-ឥណ្ឌូណេស៊ី ក៏មានសុទិដ្ឋិនិយមចំពោះវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ឥណ្ឌូនេស៊ី និងបានពិភាក្សាអំពីការជំរុញ និងបង្កើតឱ្យមានយន្តការទំនាក់ទំនងនៅគ្រប់កម្រិត គ្រប់វិស័យ ទាំងក្នុងក្របខ័ណ្ឌផ្លូវការ និងក្រៅផ្លូវការ, ក្របខ័ណ្ឌរដ្ឋាភិបាល និងរដ្ឋាភិបាល, វិស័យឯកជន និងវិស័យឯកជន, គណបក្សនិងគណបក្ស ដែលនេះជាកត្តារួមចំណែកដល់ភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕ អត្ថបទ៖ ហ្សាលីន