មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” នឹងត្រូវបិទបញ្ចប់ ដោយឈប់ទទួលការចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះតទៅ។ នេះបើតាមការប្រកាសដោយខុទ្ទកាល័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។

ខុទ្ទកាល័យ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ មានបងប្អូនជនរួមជាតិប្រមាណជិត៧០ម៉ឺនអង្គ/នាក់ បានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តយ៉ាងផុលផុសដោយសរុបជាទឹកប្រាក់ ចំនួន USD26,332,883.00 (ម្ភៃប្រាំមួយលានសាមសិបបីម៉ឺនពីរពាន់ប្រាំបីរយប៉ែតសិបបីដុល្លារអាមេរិក)។ វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវ យកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
អាស្រ័យដូចបានជម្រាបដំណឹងខាងលើនេះ សម្រាប់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលមានបំណងចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” សូម បន្តទាក់ទងក្រុមការងារមូលនិធិ និងធ្វើការបរិច្ចាគទៅកាន់គណនីធនាគាររបស់មូលនិធិឱ្យបានរួសរាន់នៅ មុនថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះ។
សូមរម្លឹកដែរថា«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានប្រកាសដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែន៕ អត្ថបទ៖ ហ្សាលីន


