ក្រុមហ៊ុនសហគ្រាសទេសចរណ៍របស់ចិន ឯកភាពរៀបចំដំណើរទស្សនកិច្ចទេសចរណ៍មកកាន់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

បណ្តាក្រុមហ៊ុន សហគ្រាសទេសចរណ៍សំខាន់ៗរបស់ក្រុងចឹងចូវ និងខេត្តហឺណាន របស់ប្រទេសចិន សរុបចំនួន ២២ ក្រុមហ៊ុន បានឯកភាពជាមួយក្រសួងទេសចរណ៍កម្ពុជា ថានឹងរៀបចំដំណើរទស្សនកិច្ចមកកាន់កម្ពុជា ដើម្បីស្វែងយល់បន្ថែមពីគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជា។នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍កម្ពុជា កាលព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងទេសចរណ៍ បានឱ្យដឹងថា លោករដ្ឋមន្រ្តី ហួត ហាក់ បានទទួលជួបជាមួយបណ្តាក្រុមហ៊ុន សហគ្រាសទេសចរណ៍សំខាន់ៗរបស់ក្រុងចឹងចូវ និងខេត្តហឺណាន សរុបចំនួន ២២ ក្រុមហ៊ុន និងសហគ្រាស ដែលជាក្រុមហ៊ុនរៀបចំកញ្ចប់ទស្សនកិច្ច ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារលំដាប់ខ្ពស់ និងនាំភ្ញៀវទេសចរ រួមជាមួយផ្នែកពាក់ព័ន្ធ ដូចជាប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ វិទ្យុចិន សមាគមទេសចរណ៍ខេត្តហឺណាន សមាគមវ៉ូស៊ូខេត្តហឺណាន ជាដើម។ 

ក្នុងឱកាសនៃជំនួប លោករដ្ឋមន្រ្តី ហួត ហាក់ បានបញ្ជាក់ជូនអំពីសក្តានុពល និងគោលដៅទេសចរណ៍ ជាពិសេសឱកាសនៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។

យ៉ាងណាមិញ បន្ទាប់ពីបានជួបពិភាក្សាការងារ ក្រុមហ៊ុនទាំងអស់របស់ប្រទេសចិន បានឯកភាពថា នឹងរៀបចំដំណើរទស្សនកិច្ចទៅស្វែងយល់បន្ថែមពីគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជា ព្រមទាំងបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចិន និងបរទេស ពីខេត្តហឺណាន និងខេត្តជុំវិញ មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ក្នុងគោលដៅជំរុញលំហូរភ្ញៀវទេសចរមកកម្ពុជាយ៉ាងហោចណាស់ ឱ្យបាន១លាននាក់ ក្នុង១ឆ្នាំ។

សូមបញ្ជាក់ដែរថា ក្នុងរយៈពេល៦ខែឆ្នាំ២០២៤(ឆមាសទី១ឆ្នាំ២០២៤) កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត១៣លាននាក់ ក្នុងនោះ ទេសចរអន្តរជាតិ ៣,១៦ លាននាក់ និង ទេសចរជាតិ ៩,៦៩ លាននាក់។ ក្នុងនោះកម្ពុជាទទួលបានទេសចរជនជាតិថៃច្រើនជាងគេ បន្ទាប់មកមានវៀតណាម ចិន ឡាវ។ នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ កាលពីចុងខែកក្កដា កន្លងទៅ។

បើតាមរបាយការណ៍ ចំនួនទេសចរអន្តរជាតិក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ មានការកើនឡើង ២២,៧% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ស្មើនឹង ៩៤,៩% នៃឆ្នាំ២០១៩ ហើយទេសចរជាតិកើនឡើង ៦,៤%។ ទន្ទឹមនឹងនេះ ទេសចរជាតិចេញក្រៅប្រទេសមានប្រមាណ ៩០ ម៉ឺននាក់ កើនឡើង ៥,០%៕ អត្ថបទ៖ ហ្សាលីន