ចាប់ពីឆ្នាំ១៩៩២ មកដល់បច្ចុប្បន្ន, រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ហិរញ្ញប្បទានឥតសំណង និង ជំនួយបច្ចេកទេសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប្រមាណជាង ១,៣ ប៊ីលាន ដុល្លារអូស្ត្រាលី ត្រូវនឹងប្រមាណ ១ ប៊ីលាន ដុល្លារអាម៉េរិក។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពេលពិភាក្សាជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ជំនួយ១ ប៊ីលាន ដុល្លារអាម៉េរិករបស់អូស្ត្រាលីនេះ ផ្តោតទៅលើវិស័យកសិកម្ម, អប់រំនិងបណ្តុះបណ្តាល, អភិបាលកិច្ច, សុខាភិបាល, បោសសម្អាតមីន, ពាណិជ្ជកម្ម, ទឹកស្អាត, ថាមពលស្អាត ជាពិសេសជំនួយជាវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ជាដើម ។
បច្ចុប្បន្ននេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា៖រដ្ឋាភិបាលអូស្ត្រាលីនិងភាគីពាក់ព័ន្ធក៏កំពុងខិតខំប្រឹងប្រែងអនុវត្តយ៉ាងសកម្មនូវ“កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)” ដែលកម្មវិធីនេះ មានទំហំហិរញ្ញប្បទានឥតសំណងប្រមាណ ប្រមាណ ៦៥ លាន ដុល្លារអាម៉េរិក ។ កិច្ចសហប្រតិបត្តិការទាំងនេះ បានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច នៅកម្ពុជា ។
ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានសន្យានឹងបន្តពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត សំដៅរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យ ប្រកបដោយភាពធន់ ព្រមទាំងចូល រួមលើកកម្ពស់ការអភិវឌ្ឍន៍ ស្ថិរភាព និងវិបុលភាពនៅកម្ពុជា ៕


