ក្រសួងបរទេសកម្ពុជា-ជប៉ុន បានបង្ហាញពីការតាំងចិត្ត ថានឹងរួមគ្នាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។ការប្តេជ្ញានេះ បានបញ្ជាក់ឡើងនៅក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទរវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក IWAYA Takeshi រដ្ឋមន្ត្រីការបរទេសជប៉ុន ដែលទើបទទួលបានការតែងតាំងថ្មី កាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី លោក សុខ ចិន្តាសោភា បានរំលឹកពីការរួមចំណែកដ៏សំខាន់របស់ប្រទេសជប៉ុនក្នុងដំណើរការសន្តិភាព និងការកសាងឡើងវិញរបស់កម្ពុជា និងបានថ្លែងអំណរគុណចំពោះប្រទេសជប៉ុនដែលបានបន្តផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
ទន្ទឹមគ្នានេះ លោក IWAYA Takeshi បានសម្តែងការប្តេជ្ញាចិត្តក្នុងការជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ ក្នុងផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ការអប់រំ សុខាភិបាល ការពារជាតិ និងសន្តិសុខ ការសម្អាតមីន និងការតភ្ជាប់ផងដែរ។
តាមរយៈជំនួបនោះទៀតដែរ រដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាយ៉ាងទូលំទូលាយអំពីទំនាក់ទំនងទ្វេភាគី និងបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុភាគី។ ភាគីទាំងពីរបានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។បន្ថែមពីនេះ រដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។
សូមបញ្ជាក់ថា ប្រទេសជប៉ុនគឺជាប្រទេសឈានមុខមួយក្នុងចំណោមបណ្តាប្រទេសដែលមានធុរជន វិនិយោគិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជាក់ស្តែងរបាយការណ៍ CDC បង្ហាញថា ក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ ជប៉ុនស្ថិតនៅលេខរៀងទី៣ បន្ទាប់ពីចិន និងកម្ពុជា ដែលបានរួមចំណែកប្រមាណ ៨,៧% នៃទុនវិនិយោគសរុប។យ៉ាងណាមិញ តាមរយៈជំនួបនេះ ភាគីកម្ពុជា-ជប៉ុន ក៏រំពឹងថា នឹងជួយជំរុញដល់ការវិនិយោគរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ហ្សាលីន