ក្រុមហ៊ុន Shanghai Geoharbour Group ដែលជាក្រុមហ៊ុនយក្សរបស់ប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍វិនិយោគតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានមកពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួចរាល់ហើយ។
ក្នុងជំនួបកាលថ្ងៃ ទី២១ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group បានជម្រាបពីសាវតាររបស់ក្រុមហ៊ុនដែលមានបទពិសោធន៍ចូលរួមសាងសង់គម្រោងធំៗជាង ២០០គម្រោងនៅក្នុងតំបន់អាស៊ី រួមមាន៖ កំពង់ផែ, អាកាសយានដ្ឋាន, និងកោះសិប្បនិម្មិតជាដើម។ ចំពោះសកម្មភាពក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបាននិងកំពុងចូលរួមក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលគ្រោងនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
បន្ថែមពីនេះ ក្រុមហ៊ុនបានសម្តែងនូវចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមទៀតលើសក្ដានុពលនៃការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជាផងដែរ។
នាឱកាសនេះដែរ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលមកស្វែងយល់អំពីឱកាសវិនិយោគបន្ថែមនៅកម្ពុជា។ ទន្ទឹមគ្នានេះ លោក ក៏បានបង្ហាញជូនគណៈប្រតិភូអំពីគម្រោងអភិវឌ្ឍន៍ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចមាន គម្រោងផ្លូវល្បឿនលឿន គម្រោងព្រែកជីកហ្វូណនតេជោ និងកំពង់ផែ ដែលអនុញ្ញាតជូនវិនិយោគិន ក៏ដូចជាក្រុមហ៊ុន Shanghai Geoharbour Group ផ្ទាល់ អាចពិនិត្យលទ្ធភាពជ្រើសរើសការបណ្ដាក់ទុនវិនិយោគផងដែរ។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេល១ឆ្នាំ ពោលគឺចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ CDC បានអនុម័តគម្រោងវិនិយោគ ៣៩១ គម្រោង ដែលមានទុនវិនិយោគសរុបជាង ៧,៥ពាន់លានដុល្លារ និងអាចបង្កើតការងារ ៣៤១.០០០ កន្លែង។
ក្នុងរយៈពេលពេញមួយឆ្នាំនេះដែរ ប្រភពទុនវិនិយោគមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦០.៤៤% នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ ៣២.៣១% នៃទុន វិនិយោគសរុប៕ អត្ថបទ៖ ហ្សាលីន