ជឿជាក់ថា នាពេលឆាប់ៗខាងមុខ បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅតាមបណ្តាខេត្តទូទាំងប្រទេស នឹងកាន់តែទទួលបាននូវអារម្មណ៍សប្បាយរីករាយ អស់នូវទុក្ខហ្មងសៅ ជាមួយនឹងការប៉ះផ្ទាល់ ឃើញផ្ទាល់ ទស្សនីយភាពកម្សាន្តលើឆាកតន្ត្រីរបស់កំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ដែលសុទ្ធសឹងតែជាម្ចាស់សំនៀងដ៏ក្រអួនក្រអៅក្នុងដួងចិត្តរបស់បងប្អូនគ្រប់ៗគ្នា។

ការនាំយកមហាព្រឹត្តិការណ៍ប្រគុំតន្ត្រីខ្នាតធំនៅទូទាំងប្រទេសនេះ ធ្វើឡើងក្រោយ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចុះនូវអនុស្សារណៈយោគយល់ថ្មីមួយបន្ថែមទៀតជាមួយផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា នៅឯផ្សារទំនើប ជីបម៉ុង ២៧១មេហ្គាម៉ល កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ដើម្បីក្លាយជាម្ចាស់សហការ និងជាអ្នកឧបត្ថម្ភផ្តាច់មុខទាំងស្រុង ដល់ដំណើរការនៃការរៀបចំព្រឹត្តិការណ៍ប្រគុំតន្រ្តី នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា ក្រៅពីផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ក្នុងនោះក៏មាននូវផលិតកម្មធំៗចំនួនបីផ្សេងទៀត ដែលត្រូវបានក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស របស់អ្នកឧកញ៉ា លាង ម៉េង បានចុះអនុស្សារណៈយោគយល់ តួយ៉ាងផលិតកម្ម សាន់ដេ ផលិតកម្មហង្សមាស និងផលិតកម្ម ថោន ក៏បានត្រៀមខ្លួនរួចជាស្រេច នាំយកទស្សនីយភាព និងតារាចម្រៀងល្បីៗប្រចាំផលិតកម្ម មកបង្ហើរសំនៀងចែកជូនពុកម៉ែបងប្អូន ជាចំណីអារម្មណ៍នាពេលឆាប់ៗខាងមុខផងដែរ៕












