ម្ហូបអាហារល្បីៗរបស់ប្រទេសកម្ពុជា និងចិន ប្រមាណ១០០ស្តង់ នឹងត្រូវដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន (Cambodia-China Gastronomy Week) ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៤ នៅខេត្តសៀមរាប។
ក្រៅពីនេះក៏មានសិក្ខាសាលាម្ហូបអាហារ (Gastronomy Conference) ក្រោមប្រធានបទ “Good Food for All” ដោយមានវាគ្មិនល្បីៗមកចែករំលែកបទពិសោធស្តីពីម្ហូប អាហារកម្ពុជា និងចិន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍នាថ្ងៃទី២២ ខែតុលា បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយពីមុខម្ហូប និងសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន កម្ពុជា-ចិន និងបន្តជំរុញយុទ្ធនាការ ផ្សព្វផ្សាយ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ព្រមទាំងចូលរួមជំរុញយុទ្ធនាការ “ឆ្នាំ ទស្សនាសៀមរាប ២០២៤” សំដៅទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាឱ្យ កាន់តែច្រើនថែមទៀត។
ក្រសួងទេសចរណ៍ បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ គ្រប់សមាគមទេសចរណ៍ផ្នែករដ្ឋ ឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមផ្សព្វផ្សាយអំពី ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) ខាងលើនេះឱ្យបានទូលំទូលាយ សំដៅទាក់ទាញការចូលរួមឱ្យបានច្រើនកុះករ ព្រមទាំងបង្កើនចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិន ឱ្យមកទស្សនា និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា កាន់តែច្រើនថែមទៀត៕