ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (United Nations Office for Project Services – UNOPS) បានជួបពិភាក្សាគ្នាអំពីលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការលើការងាររៀបចំផែនការគម្រោងដែលមានសក្តានុពល ពិសេសពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូននៅកម្ពុជា។

នេះបើយោងតាមកិច្ចពិភាក្សារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី អ៊ីដា ក្រាចា (Ms. Eda Kraja) នាយិកាគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងឡាវ នៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) កាលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
ជំនួបពិភាក្សានេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការលើការងាររៀបចំផែនការគម្រោងដែលមានសក្តានុពល, កិច្ចសហការផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសលើនីតិវិធីនៃការគ្រប់គ្រងគម្រោង ការអនុវត្តកិច្ចលទ្ធកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ទៅនឹងការប្រែប្រួលបរិស្ថាន, និងកិច្ចសម្របសម្រួលលើការស្នើសុំជំនួយហិរញ្ញប្បទានពីដៃគូនិងអង្គការអន្តរជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការងារពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។
បើតាមលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានលើកឡើងថា ចំពោះហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាវិញ គឺរដ្ឋាភិបាលមានផែនការអភិវឌ្ឍន៍មួយចំនួនដែលមានជាអាទិ៍៖ ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣ ដែលបើកឱកាសជូនវិនិយោគិនពីគ្រប់បណ្ដាប្រទេសអាចពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគ៕ អត្ថបទ៖ ហ្សាលីន


