លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក Park Jung-wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រាង (Letter of Agreement, LoA) ស្តីអំពីការពង្រឹង និងពង្រីកកិច្ចសហកាប្រតិបត្តិការរវាងគ្នាលើវិស័យអប់រំ ក្នុងគោលបំណងសំខាន់ៗចំនួន៣ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
លោក ហង់ជួន ណារ៉ុន បានឱ្យដឹងថា ក្នុងជំនួបពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក ជាមួយនិងលោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រាង (Letter of Agreement, LoA) ស្តីអំពីការពង្រឹង និងពង្រីកកិច្ចសហកាប្រតិបត្តិការរវាងគ្នាលើវិស័យអប់រំ ក្នុងគោលបំណង៖ ១). ផ្តល់ថ្នាក់ភាសាកូរ៉េជាមុខវិជ្ជាផ្លូវការនៅវិទ្យាល័យគោលដៅចំនួន១៥ នៅកម្ពុជា ២). បង្កើនប្រសិទ្ធភាពនៃការអនុវត្តគម្រោងតាមរយៈការជំរុញកិច្ចសហការរវាងស្ថាប័នអនុវត្តផ្ទាល់ និងភាគីពាក់ព័ន្ធ និង ៣). កំណត់លក្ខខណ្ឌ និងការប្តេជ្ញាចិត្តរបស់ភាគីនីមួយៗ ក្នុងការសម្របសម្រួលដល់ប្រតិបត្តិការថ្នាក់ភាសាកូរ៉េ ជាមុខវិជ្ជាផ្លូវការនៅវិទ្យាល័យគោលដៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនោះ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន ក៏បានកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ ក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាស្ទើរគ្រប់វិស័យ ជាពិសេសគឺគម្រោងជាច្រើនក្នុងវិស័យអប់រំ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៣០ និង ២០៥០៕