ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានឱ្យដឹងថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា ខណៈ USAID ក៏បានប្រកាសវិនិយោគ១២លានដុល្លារ ដើម្បីបន្តគាំទ្រចំពោះសកម្មភាពបោសសម្អាតមីននៅកម្ពុជាផងដែរ។

នេះបើយោងតាមជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) កាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួប លោកស្រី Samantha Power បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏ល្អកន្លងមករវាង USAID និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល (ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងជំងឺគ្រុនចាញ់) សន្តិសុខស្បៀង និងការបោសសម្អាតមីន។
លោកស្រី ក៏បញ្ជាក់ថា ទីភ្នាក់ងារ USAID នឹងបន្តកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ដោយឡែក ចំពោះការបោសសម្អាតមីនវិញ លោកស្រី នឹងប្រកាសការវិនិយោគចំនួន១២លានដុល្លារអាមេរិក ដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID ព្រមទាំងថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនអាមេរិក ដែលបានគាំទ្រ និងជំនួយក្នុងការស្ដារ និងកសាងប្រទេសកម្ពុជាចាប់តាំងពីដើមទសវត្សឆ្នាំ១៩៩០ ក៏ដូចជារួមចំណែកអភិវឌ្ឍកម្ពុជា រហូតមកដល់បច្ចុប្បន្ន។
តាមរយៈជំនួបនោះ ភាគីទាំងពីរ ក៏ប្រកាសថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, ការវិនិយោគ, សុខាភិបាល, អប់រំ, កសិកម្ម, អភិបាលកិច្ចល្អ, សន្ដិសុខ និងការអនុវត្តច្បាប់ជាដើម៕អត្ថបទ៖ ហ្សាលីន


