ទំនប់អូរតេធិបតី ជាសមិទ្ធផលថ្មីមួយទៀតលើទឹកដីនៃខេត្តមណ្ឌលគិរី តម្លៃ៦២លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនេះ ដែលនឹងក្លាយជាប្រយោជន៍ដល់ការប្រើប្រាស់ និង សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី និងដើម្បីជំរុញការធ្វើបរិវត្តកម្មកម្ពុជាឆ្ពោះទៅ «ជាប្រទេសមួយដែលធានាបាននូវសន្តិសុខទឹក,ទាំងបរិមាណ និង គុណភាព សម្រាប់ចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យ។
ទំនប់អូរតេធិបតី ត្រូវបានសាងសង់ឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំ ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ។
ទំនប់អូរតេ បូករួមនឹងទំនប់លើ និងទំនប់ក្រោម ជាគម្រោងអភិវឌ្ឍន៍ធនធាន ទឹកសម្រាប់ពហុវិស័យ ក្នុងខេត្តមណ្ឌលគិរី ដែលបានអនុវត្តការសាងសង់អស់រយៈពេលប្រមាណ ៣ឆ្នាំ ចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៤ ដោយចំណាយថវិកាសរុបប្រមាណ ៦២លានដុល្លារអាម៉េរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តមណ្ឌលគីរី បានឱ្យដឹងថា ទំនប់អូរតេ មានទីតាំងស្ថិតក្នុងស្រុកអូររាំង មានសមត្ថភាពស្តុកទឹកបានប្រមាណ ១២លានម៉ែត្រគូប និងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
រដ្ឋាភិបាល នៅតែចាត់ទុកថា ទំនប់នេះ មិនត្រឹមតែជួយផ្គត់ផ្គង់ធនធានទឹកដល់គ្រប់វិស័យបម្រើដល់សេចក្តី ត្រូវការរបស់ខេត្តប៉ុណ្ណោះទេ ផ្ទុយទៅវិញបណ្តាអាងទឹកនៅក្នុងតំបន់នេះក៏នឹងជួយទាក់ទាញកំណើនភ្ញៀវទេសចរណ៍ឱ្យមកកំសាន្តនៅខេត្តភូមិភាគឦសានមួយនេះផងដែរ៕ អត្ថបទ៖ ហ្សាលីន


