ក្រោយវិបត្តិកូវីដ-១៩ សន្ទុះនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅកម្ពុជា មានការកើនឡើងវិញជាបន្តបន្ទាប់។ ជាក់ស្តែង ឆមាសទី១ ឆ្នាំ២០២៤ ក.អ.ក បានទទួលចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៩០ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៣.២៥៨ លាន ដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបាន ប្រមាណ ១៦៩ ពាន់កន្លែង។

នេះបើតាមការលើកឡើងរបស់លោក សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងសិក្ខាសាលា ស្ដីពី “ការជំរុញការវិនិយោគ និងភាពជាដៃគូរវាងរដ្ឋ និងឯកជន” ក្នុងកម្មវិធីគ្រប់គ្រងកម្រិត២ ដែលរៀបចំដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
នាឱកាសនោះ លោក សរ សិនិរ៉ា បានឱ្យដឹងថា ក្រោយវិបត្តិកូវីដ-១៩ សន្ទុះនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅកម្ពុជាមានការកើនឡើងវិញជាបន្តបន្ទាប់។ ជាក់ស្តែង ឆមាសទី១ ឆ្នាំ២០២៤ ក.អ.ក បានទទួលចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៩០ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៣.២៥៨ លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបាន ប្រមាណ ១៦៩ ពាន់កន្លែង។
ដោយឡែក ក្នុងខែកញ្ញាកន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួន ២៨ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៤៣ លាន ដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានប្រមាណ ២៥ ពាន់កន្លែងបន្ថែមទៀត។

ដើម្បីជាមូលដ្ឋាននៃពុទ្ធិ និងជាឃ្លាំងព័ត៌មានសម្រាប់ផ្សព្វផ្សាយបន្ត លោក ក៏បានរំលេចជូនសិក្ខាកាមនូវកត្តាអំណោយផលរបស់កម្ពុជា ដែលជាភាពទាក់ទាញដល់ការវិនិយោគផ្ទាល់ពីបរទេស ក្នុងខណៈដែលសកលលោកកំពុងស្ថិតក្នុងស្ថានភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ ទន្ទឹមនឹងការណ៍ដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែ នឹងបន្តរ យកចិត្តទុកដាក់ខ្ពស់ចំពោះ សេវាថែទាំវិនិយោគ តាមរយៈយន្តការរាជរដ្ឋាភិបាល-ផ្នែកឯកជន និងយន្តការផ្សេងៗទៀត។ ដោយឡែក ក្រៅពីការវិនិយោគផ្ទាល់ ១០០ % វិនិយោគិនក៏បានពិចារណាការវិនិយោគក្រោមរូបភាពជាដៃគូជាមួយរដ្ឋ ទៅតាមច្បាប់បទប្បញ្ញត្តិជាធរមានផងដែរ។
សូមជម្រាបជូនថា ឆ្នាំ២០២៥ដល់២០២៧ កម្ពុជារំពឹងថា រំហូរវិនិយោគផ្ទាល់ពីបរទេសនឹងបន្តកើនដល់ក្នុងរង្វង់ជាមធ្យមប្រមាណ ៨,៦% នៃ ផ.ស.ស. ប្រមាណ ៤ ២៥០ លានដុល្លារអាមេរិក សមមូលនឹងប្រមាណ ៩,០% នៃ ផ.ស.ស. ដោយសារការបន្តកើននូវទំនុកចិត្តវិនិយោគ ជាមួយនឹងបរិយាកាសកាន់តែអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា តាមរយៈការអនុវត្ត «ច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយគាំទ្រមួយចំនួនទៀត៕
