អាកាសយានដ្ឋានតារាសាគរខេត្តកោះកុង នឹងទទួលជើងហោះហើរក្នុងស្រុកលើកដំបូងនៅថ្ងៃទី ២៨ ខែវិច្ឆិកាខាងមុខនេះ ខណៈការបើកដំណើរការនេះមិនមែនទទួលយន្តហោះបែបពាណិជ្ជកម្មទេ តែជាយន្តហោះខ្នាតតូចប្រភេទបែប (Taxi Flight)ប៉ុណ្ណោះ។នេះបើយោងតាមមន្រ្តីគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីពេលថ្មីៗនេះ។
នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី បានបញ្ជាក់ថា អាកាសយានដ្ឋានតារាសាគរគ្រោងបើកដំណើរការការហោះហើរក្នុងស្រុកនៅថ្ងៃទី ២៨ ខែវិច្ឆិកាខាងមុខនេះ ដោយមានក្រុមហ៊ុនអាកាសចរណ៍អ៊ែរ ខេមបូឌា (អតីតក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ) ដែលជាការចុះចតក្នុងស្រុកជាជំហានដំបូង។
ទាក់ទងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើការក្នុងអាកាសយានដ្ឋាន លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ មាន ៣ ផ្នែកធំៗ ក្នុងនោះ៖ ផ្លូវរត់ និងចំណតយន្តហោះបានបញ្ចប់ ១០០% ប្រព័ន្ធនាំផ្លូវចុះចត និងវិទ្យុទាក់ទងជាមួយយន្តហោះក៏រួចរាល់ ១០០% ខណៈអគារទទួលអ្នកដំណើរ (Terminal) នឹងរួចរាល់មុនថ្ងៃបើកដំណើរការ។នេះបើតាមការបញ្ជាក់បន្ថែមពីមន្រ្តីខាងលើ។
គួរបញ្ជាក់ដែរថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុន Union Development Group (UDG) ដោយទទួលបានដីសម្បទានពីរដ្ឋាភិបាលវិនិយោគសាងសង់អាកាសយានដ្ឋានតារាសាគរតម្លៃជាង ៣០០ លានដុល្លារ នៅស្រុកបុទុមសាគរ ក្នុងខេត្តកោះកុង។
អាកាសយានដ្ឋានថ្មីនេះមានផ្លូវយន្តហោះចុះប្រវែង ៣២០០ ម៉ែត្រ ទទឹង ៦០ ម៉ែត្រ ដែលមានសមត្ថភាពអាចទទួលយន្តហោះប្រភេទ A-350-900 និង Boeing 777 ជាដើម៕