គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) មានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦៥,៨៥% ហើយ គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៤នេះ។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤បានឱ្យដឹងថា ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ បានបង្កើនសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹក ខណៈដែលភ្លៀងនៅតំបន់នោះក៏បានថមថយ ដែលផ្តល់ឱកាសសម្រាប់ការងារការដ្ឋាន។ ក្រសួងបន្តថា បើគ្មានការប្រែប្រួលទេ ការងារអ៊ុត AC នឹងត្រូវបញ្ចប់នៅរដូវប្រាំង ឆ្នាំ២០២៥ខាងមុខនេះហើយ។
គួររំលឹកដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ត្រង់ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ PK ១៤១+៧៥០ (ចំការហ្លួង-ស្រុកស្រែអំបិល) រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានបើកការដ្ឋានសាងសង់កាលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាប្រមាណ ៧៨លានដុល្លារ។
រាជរដ្ឋាភិបាល បានចាត់ទុកផ្លូវនេះ នឹងធ្វើឱ្យប្រសើរឡើងទាំងសុវត្ថិភាពនៃការធ្វើចរាចរណ៍ទៅមករបស់អ្នកដំណើរ កាត់បន្ថយពេលវេលា និងថ្លៃធ្វើដំណើរនិងដឹកជញ្ជូន ជំរុញសក្តានុពលតំបន់ទេសចរណ៍ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសជាមួយប្រទេសថៃ៕ អត្ថបទ៖ ហ្សាលីន


