គម្រោងសួនឧស្សាហកម្មវាយនភណ្ឌបៃតងលំដាប់ជាតិកម្ពុជា នឹងបើកការដ្ឋានក្នុងខែវិច្ឆិកា នៅខេត្តកំពង់ស្ពឺ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងសួនឧស្សាហកម្មវាយនភណ្ឌបៃតងលំដាប់ជាតិកម្ពុជា គ្រោងនិងបើកការដ្ឋានសាងសង់នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមទុនប្រមាណជា៥លានដុល្លារ។នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងអ្នកវិនិយោគនៃប្រទេសចិនចំនួន១១ក្រុមហ៊ុន មកពីក្រុមហ៊ុនវិនិយោគតំបន់សេដ្ឋកិច្ច Golden Integreting International Investment PTE LTD ជាមួយលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ អ្នកវិនិយោគនៃសាធារណរដ្ឋប្រជាមានិតចិនបានលើកឡើងថា គម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជានេះផ្តោតលើការបង្កើតឱ្យបាននូវសួនឧស្សាហកម្មវាយនភណ្ឌលំដាប់ជាតិកម្ពុជា និងបន្តអភិវឌ្ឍន៍ឱ្យក្លាយជាមូលដ្ឋានផលិតកម្ម ផ្គត់ផ្គង់ដ៏សំខាន់លើឧហ្សាហកម្ម បោះពុម្ភ ជ្រលក់ពណ៍ និងអេឡិចកូប្លាតីងស្បែក ក្នុងតំបន់អាស៊ានផងដែរ។

នាឱកាសនោះ លោក ជាម​ ច័ន្ទសោភ័ណ ​​​​​​បានសម្តែងនូវក្តីរំភើបរីករាយ និងទទួលស្វាគមន៍ជានិច្ចរាល់បណ្តាក្រុមហ៊ុនវិនិយោគទាំងអស់ដែលបានសហការបណ្តាក់នៅទុនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺយើងនេះ ដែលជាខេត្តអំណោយផលលើគ្រប់វិស័យជាពិសេសវិស័យវាយណភណ្ឌនេះតែម្តង ជាការពិតណាស់អ្នកវិនិយោគដែលមកបណ្តាក់ទុននៅខេត្តកំពង់ស្ពឺពិតជាមានចក្ខុវិស័យខ្ពស់និងចំណេញលើចំណេញតែម្តង។

សូមបញ្ជាក់ផងដែរថា គម្រោងសួនឧស្សាហកម្មវាយនភណ្ឌបៃតងលំដាប់ជាតិកម្ពុជានេះ ទទួលបានការវិនិយោគ សហការណ៍ជាមួយក្រុមហ៊ុនពាក់ព័ន្ធជាច្រើន ព្រមទាំងមានកិត្តិយសទទួលបានការគាំទ្រពីសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា(EPIAC) សមាគមនវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងកាបូបកម្ពុជា (TAFTAC) និងសមាគមវាយនភណ្ឌចិននៅកម្ពុជា (CTAC) ថែមទៀតផង។

សូមគូសបញ្ជាក់បន្ថែមថា គម្រោងសួនឧស្សាហកម្មវាយនភណ្ឌបៃតងលំដាប់ជាតិកម្ពុជា នឹងសម្ពោធបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ស្ថិតនៅភូមិតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕