សមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសារលិខិតរំលែកមរណទុក្ខជូនចំពោះ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ១០:៣៥នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ។
ក្នុងសារលិខិតរំលែកមរណទុក្ខនោះ សមាគមឧកញ៉ាកម្ពុជា បង្ហាញអារម្មណ៍យ៉ាងដូច្នេះថា៖ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា មានសេចក្តីរន្ធត់តក់ស្លុតនិងសោកស្តាយយ៉ាងខ្លាំងដែលបានទទួលដំណឹងថា ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រខេត្តកំពង់ធំ បានទទួលមរណភាពក្នុងជន្មាយុ ៧៣ឆ្នាំ វេលាម៉ោង ១០៖៣៥នាទីព្រឹក ថ្ងៃសុក្រ ៨រោជ ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដោយរោគាពាធ។
បន្ថែមពីនោះ សមាគមឧកញ៉ាកម្ពុជា បន្តថា ក្នុងពេលវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកជំទាវព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ឧត្តមស្វាមីជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពោរពេញដោយសង្គហធម៌ដ៏ឆ្នើមគួរឲ្យស្ងប់ស្ងែងដោយពេញមួយជីវិតរបស់ឯកឧត្តម តែងតែលះបង់បូជាកម្លាំងកាយកម្លាំងចិត្តគ្រប់សព្វបែបយ៉ាងជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ ជាពិសេសបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការលើកកម្ពស់គោលនយោបាយសេដ្ឋកិច្ច រូបិយវត្ថុ និងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕