សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិចំនួន ២៥រូប។
ក្នុងសេចក្តីសម្រេចលេខ ២១៣ សសរ របស់រាជរដ្ឋាភិបាល ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជា សហប្រធាន ព្រមទាំងមានឥស្សរជន និងថ្នាក់ដឹកនាំចំនួន ២៣រូបទៀត ជាអនុប្រធាន សមាជិក សមាជិកា អគ្គលេខាធិការ និងជាអគ្គលេខាធិការរង។
សូមជម្រាបថា គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ត្រូវបានបង្កើតឡើងក្នុងគោលបំណងរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីថ្នាក់ជាតិ សំដៅធានា ដែនដីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបានគ្រប់គ្រង ប្រើប្រាស់ ការពារ និងអភិវឌ្ឍតាមរយៈការធ្វើសមាហរណកម្មនូវផែនការយុទ្ធសាស្ត្ររៀបចំដែនដី និងការធ្វើឱ្យរលូននូវវិធាន និងឧបករណ៍ចាំបាច់នានា តាមវិស័យប្រកបដោយភាពសុខុដុមរមនានៅតាមតំបន់ភូមិសាស្ត្រនីមួយៗ៕