គិតត្រឹមចុងខែតុលា ឆ្នាំ២០២៤ នេះ ស្ពានអាកាស «មរតកតេជោ» ជំហានទី២ គ្រោងនឹងបញ្ចប់មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ ខាងមុខនេះ។នេះបើតាមការឱ្យដឹងពីលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ កាលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។
លោក កើត ឆែ បានបញ្ជាក់បន្តថា៖« ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជំហានទី២ នេះកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ ០៤ខែផងដែរ ពោលគឺ ជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)»។
ទន្ទឹមគ្នានេះ លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ ក៏បានថ្លែងអរគុណសន្តិភាព និងការអភិវឌ្ឍ សមិទ្ធផលថ្មីបន្តបន្ទាប់ទៀតនឹងលេចរូបរាងឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមរម្លឹកដែរថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចដ៏ខ្ពង់ខ្ពស់បំផុតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដោះស្រាយការកកស្ទះចរាចរបានមួយកម្រិត។
ជាងនេះទៀត រដ្ឋាភិបាល បានសម្រេចប្រសិទ្ធនាមស្ពានអាកាសត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ជា«ស្ពានអាកាស មរតកតេជោ»។ នេះបើតាមការប្រកាសរបស់ ទីស្ដីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។
គម្រោង«ស្ពានអាកាស មរតកតេជោ» នេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC កាលថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ និងគ្រោងបញ្ចប់មុនចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៥ ខាងមុខ៕ អត្ថបទ៖ ហ្សាលីន