ក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាសបដិសេធចំពោះការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍សាធារណរដ្ឋកូរ៉េ អំពីករណីពលរដ្ឋកូរ៉េត្រូវបានបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា ថានេះគឺជាព័ត៌មានមិនពិតនិងធ្វើឱ្យមានការភាន់ច្រឡំពី សាធារណមតិជាតិ និងអន្តរជាតិមកលើប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសបដិសេធ របស់ក្រសួងទេសចរណ៍ កាលបានផ្សាយចេញកាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤ថា កន្លងមក អគ្គស្នងការនគរបាលជាតិ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយប្រឌិត ដោយទូរទស្សន៍កូរ៉េ ចំពោះការចោទប្រកាន់ខាងលើដែលជាព័ត៌មានមិនពិតនិងធ្វើឱ្យមានការភាន់ច្រឡំពី សាធារណមតិជាតិ និងអន្តរជាតិមកលើកម្ពុជា។ ចំណែកក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីប្រកាស ព័ត៌មានជាបន្តបន្ទាប់ បដិសេធចំពោះការផ្សព្វផ្សាយដោយបណ្តាញព័ត៌មានពីក្រៅប្រទេសមួយចំនួន ដែលមូលបង្កាច់លាបពណ៌មកលើកម្ពុជាថាបណ្តែតបណ្តោយឱ្យមានការជួញដូរមនុស្ស ការបង្ខាំងមនុស្ស ដោយខុសច្បាប់ ការធ្វើទារុណកម្មលើពលករបរទេស និងការបង្ខំឱ្យធ្វើការពាក់ព័ន្ធនឹង Call Center ខុសច្បាប់ជាដើម។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ ក្រសួងទេសចរណ៍ សូមស្នើសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ជឿជាក់លើវិធានការ និងចំណាត់ការរបស់រាជរដ្ឋាភិបាល។
ក្រសួងបានបន្តថាថា ក្រោមការដឹកនាំរបស់សម្តេចធិបតី បន្ត រក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានគ្រឹះ ដ៏សំខាន់នៃការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។ ជាក់ស្តែង នៅឆ្នាំ២០២៣ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ចំនួនជាង ៥,៤៥ លាននាក់ កើនឡើង ១៣៩,៥% ដូចគ្នានៅឆ្នាំ២០២៣។ តាមការព្យាករណ៍កម្ពុជា រំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧ លាននាក់នៅឆ្នាំ២០២៥។
ក្រសួងទេសចរណ៍ ក៏ស្នើឱ្យបណ្តាញសារព័ត៌មានពាក់ព័ន្ធ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានឱ្យបានត្រឹមត្រូវត្រូវ ដោយត្រូវកែតម្រូវ និងបញ្ឈប់រាល់ការផ្សាយព័ត៌មានមិនពិតដែលធ្វើ ឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
យ៉ាងណាមិញ ទន្ទឹមនឹងការលើកឡើងខាងលើ ក្រសួងបានអំពាវនាវភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យបានច្រើនកុះករក្នុងព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ពីថ្ងៃទី ១៤-១៦ ខែវិច្ឆិកា និងពិធីបុណ្យសមុទ្រនៅខេត្តកំពត ពីថ្ងៃទី ១៣-១៥ ខែធ្នូ នាពេលខាងមុខផងដែរ៕ អត្ថបទ៖ ហ្សាលីន