ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែតុលា មានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់ យុវជន សិស្សនិស្សិត សាធារណជនទូទៅសរុបប្រមាណជាង១០ម៉ឺននាក់ ក្នុងនោះ អ្នកទស្សនាផ្ទាល់មានចំនួនជាង ៤១,៤២២ នាក់ និងអ្នកទស្សនាតាមអនឡាញមានចំនួនជាង ៦៣,២៦៧នាក់។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នេះថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលបាននាំមកនូវកម្មវិធីល្អៗសម្រាប់យុវជន ដូចជាការដាក់តាំងបង្ហាញស្នាដៃសិស្សនិស្សិត យុវជន នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលធំៗនៅកម្ពុជា ស្តង់ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងការធ្វើបទបង្ហាញដោយវាគ្មិនជាតិ និងអន្តរជាតិល្បីៗ ដោយទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់យុវជន សិស្សនិស្សិត សាធារណជនទូទៅ។ ក្នុងនោះដែរ យុវជនយ៉ាងច្រើនលើសលុបបានវាយតម្លៃខ្ពស់លើកម្មវិធីពិព័រណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងឆ្នាំនេះ ហើយពួកគេលើកឡើងថាជាកម្មវិធីដែលជាស្ពានចម្លង និងសម្រេចក្តីស្រមៃរបស់ពួកគេផងដែរ។

ក្រសួងការងារបន្តថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលបានដាក់តាំងបង្ហាញពីឱកាសការងារហូតដល់ជាង ៣ម៉ឺនកន្លែងនៅក្នុងឆ្នាំនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលអ្នកដាក់ពាក្យរកការងារធ្វើ (CV) ដោយផ្ទាល់ និងអនឡាញ សរុប ២១,៦៣៣ ប្រវត្តិរូបការងារ ក្នុងនោះមានអ្នកជាប់បឋមជាង ១,០៧១នាក់ ក្រោយបេក្ខជនបានដាក់ពាក្យភ្លាម សម្ភាសភ្លាមនៅនឹងកន្លែងពិព៍រណ៌ការងារតែម្តង។
សូមបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត៕


