ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយដៃគូចំនួន២ គឺក្រុមហ៊ុនបៃតងកម្ពុជា (CG) និងមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) ដើម្បីរុញវិស័យកសិកម្មកម្ពុជា និងអនុវត្តកិច្ចការអភិរក្សធនធានធម្មជាតិ។
ពិធីចុះ MOU នេះ ធ្វើឡើងក្រោមអធិបតី លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងកសិកម្ម។
នាឱកាសនោះ លោក ឌិត ទីណា បានស្វាគមន៍ និងគាំទ្រដៃគូអង្គការជាតិ អន្តរជាតិ និងវិស័យឯកជនក្នុងការរួមឆន្ទៈ រួមធនធាន រុញវិស័យកសិកម្មកម្ពុជា និងអនុវត្តកិច្ចការអភិរក្សធនធានធម្មជាតិ ប្រកបដោយភាពជោគជ័យជាបន្តបន្ទាប់។
លោកបានបន្តថា ការចុះ MoU ជាមួយក្រុមហ៊ុនបៃតងកម្ពុជា គឺជាការងារដ៏សំខាន់ក្នុងការជួយរក្សាស្ថេរភាពថ្លៃវិស័យស្រូវអង្ករនាប៉ែកពាយ័ព្យ ដែលជាបរិបទថ្មី ជួយកាត់បន្ថយចំណាយ ដើម្បីបង្កើនផលចំនេញ ទាំងកសិករ និងអ្នកប្រើប្រាស់។
ពាក់ព័ន្ធនឹងការងារអភិរក្សធនធានធម្មជាតិវិញ លោក ឌិត ទីណា មានសេចក្តីសោមនស្សរីករាយនូវការកើនឡើងជាលំដាប់នៃចំនួនសត្វផ្សោត ដែលជារតនសម្បត្តិរបស់កម្ពុជា ដោយក្នុងឆ្នាំ២០២៣ និង២០២៤ នេះក្រសួងបានសហការជាមួយដៃគូ (WWF) និងដៃគូនានា ក្នុងអភិរក្សត្វផ្សោត តាមរយៈការល្បាត និងការបង្ក្រាបបទល្មើស ប្រកបដោយប្រសិទ្ធភាព ដែលជាជោគជ័យដ៏ធំសម្រាប់ក្រសួងកសិកម្ម។
លោកក៏បានកោតសរសើរនូវការខិតខំប្រឹងប្រែងរួមគ្នា រវាងអង្គការដៃគូ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅផ្ទាល់ទីនោះ ដើម្បីបង្កើនការយល់ដឹងពីការថែរក្សាការពារធនធានធម្មជាតិ។
ទន្ទឹមនឹងនោះ លោករដ្ឋមន្រ្តីកសិកម្មក៏បានគូសបញ្ជាក់ថា ក្រសួងកសិកម្មត្រូវការដៃគូ ដែលមានគោលដៅរួមច្បាស់លាស់ មានបច្ចេកទេសពិតប្រាកដ និងមានឆន្ទៈរួមគ្នា ដើម្បីសម្រេចនូវលទ្ធផលល្អ។ លើសពីនេះ លោកក៏លើកទឹកចិត្តក្នុងការអនុវត្ត MoU ឱ្យមានភាពបុរេសកម្ម មានលទ្ធផលជាក់ស្តែង ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា និងមានភាពជោគជ័យរួមគ្នាផងដែរ៕