ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតីកូរ៉េ៖ កម្ពុជាមានការអភិវឌ្ឍ និងការរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Kim Han-Gil ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោក Kim Han-Gil  បានសម្ដែងការកោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងបានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងកាន់តែអភិវឌ្ឍរីកចម្រើនខ្លាំងក្លាថែមទៀត។

លោកក៏បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ពលករកម្ពុជានៅកូរ៉េ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបានលើកឡើងថា រដ្ឋាភិបាលកូរ៉េចាត់ទុកថាពលករបរទេស រួមទាំងពលករកម្ពុជានៅកូរ៉េ គឺជាដៃគូសំខាន់ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េ។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលបានដំឡើងកម្រិតទំនាក់ទំនងដល់ “ភាពជាដៃគូយុទ្ធសាស្ត្រ” កាលពីខែឧសភា ឆ្នាំ២០២៤​ ដែលការណ៍នេះកាន់តែជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េឱ្យកាន់តែរឹងមាំថែមទៀត។

ជាមួយគ្នានោះ សម្ដេចធិបតីបានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េដែលតែងតែបានជួយដល់ការកសាង និងអភិវឌ្ឍកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យ ធនាគារ កសិកម្ម កម្មន្តសាល និង ឧស្សាហកម្ម ជាដើម។សម្តេចបានវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលកូរ៉េដែលបាន​ផ្តល់ការគាំពារ​ដល់ពលករកម្ពុជា​ ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ។

សូមបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញពីកំណើនអវិជ្ជមាន នៅឆ្នាំ២០២០ មកកំណើនក្នុងអត្រា ៣.១% នៅឆ្នាំ២០២១, ៥.១% នៅឆ្នាំ២០២២ និង ៥.០% នៅឆ្នាំ២០២៣ ហើយត្រូវបានរំពឹងថា នឹងកើនដល់ ៦.០% នៅឆ្នាំ២០២៤ ដោយសារតែការរក្សាបាននូវសុខសន្តិភាព, ឯកភាពជាតិ, ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បូករួមទាំងឆន្ទៈមោះមុត និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកន្លងមក៕