តម្លៃប្រេងសាំងនៅកម្ពុជាចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងត្រូវលក់រាយក្នុងតម្លៃក្រោម៤០០០រៀល នៅក្នុងមួយលីត្រ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមបណ្ដាស្ថានីយនានាក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវលក់រាយក្នុងមួយលីត្រ តម្លៃ៣,៩០០រៀល សម្រាប់សាំងធម្មតា និងម៉ាស៊ូតលក់រាយតម្លៃ៣,៧៥០រៀល ក្នុងមួយលីត្រ។
តម្លៃនេះ បើប្រៀបធៀបត្រឹមថ្ងៃទី២១ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឃើញថា តម្លៃសាំងចុះថ្លៃ៥០ រៀលនៅក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតចុះថ្លៃ៥០រៀល ក្នុងមួយលីត្រដូចគ្នា។
ដោយឡែកបើធៀបនឹងដើមខែតុលា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ឃើញថា ឃើញថា តម្លៃសាំងចុះថ្លៃ៦៥០រៀល នៅក្នុងមួយលីត្រ ចំណែកប្រេងម៉ាស៊ូតចុះថ្លៃរហូតដល់ ១,១០០រៀល នៅក្នុងមួយលីត្រ។
គួរបញ្ជាក់ថា ការកំណត់តម្លៃប្រេងខាងលើនេះ គឺផ្អែកទៅលើទីផ្សារអន្តរជាតិ ប៉ុន្តែដោយអនុវត្តតាមគោលការណ៍ដែលដាក់ចុះមកសម្តេចធិបតីហ៊ុន ម៉ាណែត ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ៕